ជនសង្ស័យ ៣នាក់ ឆក់កាបូបដៃពីបុរសជនជាតិចិនកំពុងដើរតាមផ្លូវ តែមិនបានសម្រេច ត្រូវកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបង្ក្រាបបានភ្លាមៗ
- May 16, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣៖៥០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន ២គ្រឿង មានគ្នាចំនួន ៣នាក់ បានធ្វើសកម្មភាព ឆក់កាបូបដៃពីបុរសជនជាតិចិនកំពុងដើរតែមិនបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ នៅចំណុចផ្លូវលេខ១៦៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង និងបន្តប្រដេញឃាត់ជនសង្ស័យបានចំនួន០២នាក់ទៀត នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រួមមាន៖
ទី១៖ ឈ្មោះ ភ ស្តា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនដៃដល់)
ទី២៖ ឈ្មោះ ហេង វិបុល ហៅ ហេង វិរះ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ម្តុំវត្តសន្សំកុសល ផ្លូវ១២បេតេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាអ្នកបើក)
ទី៣៖ ឈ្មោះ សូ បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ៥១ ផ្លូវលេខ៤ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាអ្នកបិទគូទ)។
សម្ភារដកហូតមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KR-7386(របស់ជនសង្ស័យ) និងម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JQ-9423(របស់ជនសង្ស័យ)។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ
- Share This Post:






