សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមបុកគ្រឹះបើកការដ្ឋានសាងសង់ឆាប់ៗនេះ មិនរង់ចាំដល់ចុងឆ្នាំ ឬដើមឆ្នាំក្រោយនោះទេ
នារសៀលថ្ងៃសៅរ៍ ទី១៨ ឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមបុកគ្រឹះបើកការដ្ឋានសាងសង់ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយមិនរង់ចាំរហូតដល់ចុងឆ្នាំ ឬដើមឆ្នាំក្រោយនោះទេ។
សម្តេចបញ្ជាក់ដូច្នេះថា៖ «គម្រោងនេះមិនមែនជារបស់ខ្ញុំ របស់សម្តេចតេជោ ឬរបស់ត្រកូលហ៊ុននោះទេ ខ្ញុំប្រាប់ហើយ ខ្ញុំធ្លាប់និយាយម្តងថា ត្រកូលហ៊ុន មានឱកាសមួយផ្នែកតូច ក្នុងការចូលរួម ការគិតគូរ និងជំរុញឱ្យធ្វើទេ ប៉ុន្តែវាជាគម្រោងដែលកើតចេញពីការគាំទ្ររបស់ប្រជាជនខ្មែរនៅទូទាំងពិភពលោក ជាគម្រោងរបស់ខ្មែរយើងដែលត្រូវការពារ និងធ្វើឱ្យបាន។ ថ្ងៃមុនខ្ញុំប្រកាសថា នឹងធ្វើឱ្យចេញនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ប៉ុន្តែឥឡូវអត់ទេ គឺនឹងធ្វើឱ្យចេញក្នុងពេលឆាប់ៗខាងមុខ ពេលត្រឡប់ទៅវិញនេះ ចាប់ផ្តើមវិលកង់ គិតពីដាក់ធ្វើឱ្យឆាប់ចេញ ចាប់ផ្តើមបុកគ្រឹះ ចាប់ផ្តើមធ្វើព្រោះអត់ថយទៀតទេ»។
សម្ដេចបានមានប្រសាសន៍បញ្ជាក់បន្ថែមថា៖ «មានការចូលរួម ឬ មិនមានការចូលរួមពីវិនិយោគិនបរទេសអត់សំខាន់ សំខាន់ខ្មែរត្រូវធ្វើឱ្យបាននូវគម្រោងនេះ ហើយយើងរួមគ្នាធ្វើ ព្រោះសម្រាប់ផលប្រយោជន៍ជាតិរបស់យើង មិនមែនធ្វើដើម្បីគំរាមអ្នកណា ឬដើម្បីយកអ្នកណាប្រឆាំងអ្នកណាទេ តែដើម្បីធ្វើឱ្យខ្មែររួមគ្នាប្រឆាំងភាពមិនអភិវឌ្ឍ យើងរួមគ្នាដើម្បីកាត់បន្ថយភាពក្រីក្រ រួមគ្នាដើម្បីលើកកម្ពស់កម្ពុជា ឱ្យកាន់តែក្លាយទៅជា ប្រទេសដែលមានជីវភាពខ្ពស់ ហើយព្រែកជីកមួយនេះ នឹងផ្តល់នូវឯករាជ្យ ផ្តល់នូវថាមពលសម្រាប់កម្ពុជា អភិវឌ្ឍនៅពេលខាងមុខទៀត ដែលប្រជាជនខ្មែរទូទាំងប្រទេស និងទូទាំងពិភពលោកគាំទ្រហើយ ត្រូវតែធ្វើឱ្យបាន»៕





អត្ថបទ៖ លីនី