ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋបាន ១,៤៥០ករណី ក្នុងឃុំចំនួន៣

    BY Nisaiy KN June 2, 2024
    រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋបាន ១,៤៥០ករណី ក្នុងឃុំចំនួន៣

    (ភ្នំពេញ)៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងឱកាសទិវាកុមារអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋមកពីឃុំចំនួន៣ គឺឃុំពាមកោះស្នា, ឃុំខ្ពបតាងួន, ឃុំព្រះអណ្តូង ដែលបានរៀបចំដោយក្រុមគ្រូពេទ្យបារាំងស្ម័គ្រចិត្ត ដឹកនាំដោយលោក Olivier RODIEN ប្រធានសមាគម (AMS) សហការជាមួយក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅវត្តពាមកោះស្នា (វត្តបទុមកេសរ) ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានចំនួនសរុបជាង ១,៤៥០ករណី។

    លើសពីនេះ កម្មវិធីពិនិត្យសុខភាព និងផ្តល់ការប្រឹក្សាយោបល់សម្រាប់អ្នកជម្ងឺលើសសម្ពាធឈាម និងអ្នកជម្ងឺទឹកនោមផ្អែម ដ៏មានសារៈសំខាន់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់វ័យនៅស្រុកស្ទឹងត្រង់នាព្រឹកនេះ មានការអញ្ជើញចូលរួមពីព្រះតេជៈគុណ ព្រះចៅអធិការវត្តពាមកោះស្នា (វត្តបទុមកេសរ), ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម, ឯកឧត្តម ច្រឹង គឹមស្រៀង ទីប្រឹក្សាសម្ដេចតេជោប្រធានព្រឹទ្ធសភា, លោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រ, លោក ស៊ិន សុខុន ប្រធានក្រុមប្រឹក្សាស្រុកស្ទឹងត្រង់, លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ ព្រមទាំងក្រុមគ្រូពេទ្យបារាំងស័្មគ្រចិត្ត ក្រុមគ្រូពេទ្យកម្ពុជា និងបុគ្គលិកសុខាភិបាល បងប្អូនក្រុមការងារ និងលោកយាយ លោកតា អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។

    យោងតាមប្រសាសន៍របស់ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រឹងត្រង់ ខេត្តកំពង់ចាម បានបញ្ជាក់ថាការរៀបចំកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋគ្រប់វ័យនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងចូលរូមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធគាំពារសុខុមាលភាពសង្គម និងការចូលរួមអនុវត្តនៅវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់វិស័យសុខាភិបាល ជាពិសេសលើការគ្របដំណ្តប់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា និងដល់មូលដ្ឋាន៕







    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: