៦ខែដើមឆ្នាំ២០២៤ ក្មេងទំនើងជាង៤០០នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ
- BY
- Liny Chan
- June 3, 2024
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ស្នងការរងនៃអគ្គស្នងការនគបាលជាតិ បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៉ិនធឺណិតក្រសួងព័ត៌មាននារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះថា ៦ ខែដើមឆ្នាំ២០២៤ អគ្គស្នងការនរគបាលជាតិ បង្ក្រាបបាននូវសកម្មភាពក្មេងទំនើង ចំនួន៨០០ករណី ដែលកើន២០០ករណី បើធៀបទៅនឹង៦ខែដូចគ្នា កាលដើមឆ្នាំ២០២៣។

ឯកឧត្តម បានបន្ថែមថា ក្នុងករណីបង្ក្រាបខាងលើ កម្លាំងបានធ្វើការឃាត់ខ្លួនចំនួន២០០០នាក់ ដោយក្នុងនោះក្មេងទំនើងជាង១៥០០នាក់ ត្រូវបានអប់រំ ធ្វើកិច្ចសន្យា ប្រគល់ជូនអាណាព្យាយបាលវិញ។ ដោយឡែកក្មេងទំនើងជាង ៤០០នាក់ផ្សេងទៀត ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពីពិនិត្យឃើញថាមានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងព្រហ្មទណ្ឌ។
តាមឯកឧត្តម ស្នងការរងនៃអគ្គស្នងការនគបាលជាតិ បានលើកឡើងថា ការចាប់ផ្តើមចេញសកម្មភាពបង្ក្រាបក្មេងទំនើងនេះយ៉ាងខ្លាំងក្លានេះ គឺបន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អនុសាសន៍កាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅនេះ អគ្គស្នងការនគបាលជាតិ បានចេញសេចក្តីណែនាំដល់ មាតាបីតាសិស្ស គ្រឹះស្ថានសិក្សា ដើម្បីរួមគ្នាបង្ក្រាបក្មេងទំនើង តាមរយៈការអប់រំណែនាំ និងតាមដានពិនិត្យនូវស្ថានភាពរបស់ពួកគេ ដើម្បីរាយការណ៍ជូនសមត្ថកិច្ច។
ដោយឡែករយៈពេលតែមួយសប្តាហ៍ គិតត្រឹមថ្ងៃទី២៣ ដល់៣០ ខែឧសភា អគ្គស្នងការនគបាលជាតិ បង្ក្រាបក្មេងទំនើងបាន ចំនួន៨២ករណី នឹងឃាត់ខ្លួនបាន២៦៧នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន២២៩នាក់ ដោយក្នុងនោះមាន៣៩នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
គួររម្លឹកផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី ២៣ ខែឧសភា បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្ក្រាបក្រុមក្មេងទំនើង ជាពិសេសក្រុមដាវស៊ាំម៉ូរ៉ៃ ដែលអុកឡុកក្នុងសង្គម ដោយគ្មានការយោគយល់ និងលើកលែង។ ការដាក់បទបញ្ជានេះ បន្ទាប់ពីសម្តេចសង្កេតឃើញថា នារយៈពេលកន្លងមកនេះមានករណីក្មេងទំនើងបង្កើតជាបក្ខពួកដេញកាប់ចាក់គ្នាយ៉ាងអាណាធិបតេយ្យ ដែលបណ្តាលឱ្យមានអ្នករងរបួស និងប៉ះពាល់ទៅដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណសង្គម។
ជាមួយគ្នានោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ស ថេត បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយចាត់វិធានការជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់សកម្មភាពក្មេងទំនើងឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយមិនអនុញ្ញាតឱ្យក្រុមក្មេងទំនើងអុកឡុកសារជាថ្មីទៀតទេ៕




ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






