ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាជាថ្មីម្ដងទៀតដោយជំរុញឲ្យអាជ្ញាធរ ខិតខំទប់ស្កាត់ និងបង្រ្កាបចំពោះក្មេងទំនើង បើហ៊ានងើបមួយក្រុម ត្រូវបង្រ្កាបមួយក្រុម

    BY Liny Chan June 17, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាជាថ្មីម្ដងទៀតដោយជំរុញឲ្យអាជ្ញាធរ ខិតខំទប់ស្កាត់ និងបង្រ្កាបចំពោះក្មេងទំនើង បើហ៊ានងើបមួយក្រុម ត្រូវបង្រ្កាបមួយក្រុម

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាជាថ្មីម្ដងទៀត ដោយជំរុញឲ្យអាជ្ញាធរ ខិតខំទប់ស្កាត់ និងបង្រ្កាបឲ្យបានសកម្មបន្ថែមទៀតចំពោះក្មេងទំនើង បើហ៊ានងើបមួយក្រុម ត្រូវបង្រ្កាបមួយក្រុម ដើម្បីសន្តិសុខសណ្តាប់ធ្នាប់សង្គម។

    សម្តេចធិបតី បានដាក់ចេញបទបញ្ជាជាថ្មីនេះ នៅក្នុង​ឱកាសអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល” នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នេះ។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ឥឡូវសូមអរគុណណាស់ ចំពោះអាជ្ញាធររបស់យើង កម្លាំងសមត្ថកិច្ច ខេត្តគ្រប់ទាំងអស់ដែលខិតខំចេញធ្វើសកម្មភាព ទប់ស្កាត់ និងបង្រ្កាប អំពើជួញដូរគ្រឿងញៀន បងតូចបងធំ ជាពិសេសក្រុមសាំម៉ូរៃកាប់ដាវ បង្រ្កាបប៉ុណ្ណឹងហើយនៅមិនទាន់អស់ទៀត នៅចេញព្រហើន អ៉ីចឹងងើបមួយវាយមួយ ងើបមួយក្រុមវាយមួយក្រុម ដើម្បីឱ្យរាង កុំឱ្យយកគាត់បំផ្លាញអនាគតរបស់គាត់ បំផ្លាញអនាគតរបស់សន្តិសុខប្រទេស។ សូមបន្តធ្វើ ថ្ងៃមុនចេញមកក្រុម ធូបមូស ក្រុមរបស់គេហ្នឹងមានក្រុមមួយឈ្មោះសាហាវៗណាស់ ឈ្មោះថា TM ខ្ញុំស្មានថា TM ហ្នឹង បានន័យថា តោមាស តែដាក់មកសុទ្ធ ធូបមូស…..កុំតែម្ដង ក្មួយៗគ្រប់កន្លែង ជាពិសេសថ្ងៃមុន ខ្ញុំឱ្យខេត្តកំពង់ស្ពឺតាម ឃើញចេញមកអួតបើកកែបម៉ូតូសុទ្ធតែដាវ​សាំម៉ូរៃ ដៅឱ្យជាប់រកឱ្យឃើញ»។

    សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា ការបង្រ្កាបនេះ ជួយជាងគេហ្នឹង គឺជួយក្មួយៗខ្លួនឯង បន្ទាប់មកគ្រួសារ ឪពុកម្ដាយ ខណៈកាលពីថ្ងៃមុនសម្ដេចធិបតី បានឃើញពីសកម្មភាពមួយ ដែលល្បីនៅលើបណ្ដាញសង្គម ដែលបង្ហាញពី ឪពុកម្នាក់បានអង្គុយសំពះកូន ដែលជាបងធំ៕

    អត្ថបទ៖ លីនី

    Share This Post: