ស្តារត្រពាំងទឹកនៅតំបន់ការពារធម្មជាតិសៀមប៉ាង និងលំផាត់ ដើម្បីឱ្យសត្វព្រៃបានផឹក និងរកចំណីនារដូវប្រាំង
- June 19, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ត្រពាំងទឹកយ៉ាងហោចណាស់ចំនួន២៤ នៅតាមតំបន់ការពារធម្មជាតិសៀមប៉ាង និងលំផាត់ត្រូវបានស្តារឡើងវិញសម្រាប់ទុកឱ្យសត្វព្រៃផឹក និងសត្វបក្សីកម្រៗរកចំណីនា រដូវប្រាំងដែលក្តៅហួតហែងគ្មានប្រភពទឹក។

អ្នកស្រី សាប៊ីន យ៉ៅគ្គឺស ប្រធានគម្រោងទីភ្នាក់ងារជំនួយអាម៉េរិក USAID មរតកបៃតង បានឱ្យដឹងថា៖ USAID មរតកបៃតង បានគាំទ្រការស្តារត្រពាំងនៅ ដែនជម្រកសត្វ ព្រៃចំនួនពីរគឺ ដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃលំផាត់ ស្ថិតនៅភូមិសាស្រ្ត ខេត្តរតនគិរីនិង មណ្ឌលគិរី។ បើគិតមកដល់ពេលនេះ ត្រពាំងទឹកសរុប ២៤ ត្រពាំង ត្រូវបានស្ដារឡើងវិញ ដែលក្នុងនោះ ១៨ កន្លែងនៅសៀមប៉ាង និងចំនួន ៦ កន្លែងទៀតនៅលំផាត់។
អ្នកស្រីបញ្ជាក់ប្រាប់ថា៖ ”ត្រពាំងផ្តល់ជាប្រភពទឹក និងអាហារដល់សត្វព្រៃ និងសត្វស្រុកយ៉ាងសំខាន់។កាលពីមុន សត្វព្រៃធំៗដូចជា ទន្សោង ដំរី និងក្របីព្រៃ ជាដើម មិនត្រឹមតែប្រើប្រាស់ត្រពាំងជាប្រភពទឹកសម្រាប់ផឹកប៉ុណ្ណោះទេ ពួកវាថែមទាំងចុះត្រាំ ននៀលដើម្បីឱ្យត្រជាក់ខ្លួនរបស់ពួកវាផងដែរ។ សកម្មភាពសត្វទាំងអស់នេះ បានជួយ ថែរក្សាត្រពាំងឱ្យនៅជ្រៅ ដោយសារការជាន់ឈ្លី ននៀលដីល្បាប់ភក់របស់ពួកវា និងជួយ គ្រប់គ្រងការលូតលាស់ស្មៅរុក្ខជាតិ មិនឱ្យលុបត្រពាំងបាន”។
អ្នកស្រី សាប៊ីន យ៉ៅគ្គឺស បាននិយាយថា ”ការបាត់បង់សត្វពាហនៈធំៗ ទាំងនេះពី ដែនជម្រកសត្វព្រៃ បានរួមចំណែកយ៉ាងខ្លាំងដល់ការថយចុះនៃត្រពាំងទឹក ដោយសារតែត្រ ពាំងទឹកជាច្រើនរាក់និងរីងស្ងួតនារដូវប្រាំង។ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ គ្រោះរាំងស្ងួតបានអូសបន្លាយ និងការកើនឡើងនៃសីតុណ្ហភាព ក៏បានជះឥទ្ធិពលដល់កម្រិត ទឹកដែលរក្សាទុកនៅក្នុងត្រពាំងផងដែរ”។
អ្នកស្រីប្រធានគម្រោងទីភ្នាក់ងារជំនួយអាម៉េរិក USAID មរតកបៃតង បានឱ្យដឹងបន្ថែមថា៖ ការស្ដារត្រពាំងឡើងវិញនេះ គឺមានគោលបំណងរក្សាទឹកឱ្យបានពេញ មួយឆ្នាំ ជាពិសេសក្នុងអំឡុងពេលដ៏ក្តៅក្នុងរដូវប្រាំង សម្រាប់សត្វព្រៃ ជាពិសេសសត្វ ដែលជិតផុតពូជដូចជា ត្រយងយក្ស ត្រដក់តូច រមាំង និងត្រយងចង្កុំកស។
លោក ប៊ូ វរសក្ស នាយក អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) បានឱ្យដឹងថា៖ ការជីកស្តារស្រះទឹកក្នុងឆ្នាំ២០២៤នេះយ៉ាងហោចណាស់បានចំនួន៦ នៅដែន ជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរីនិងមណ្ឌលគិរី។ ការស្តារត្រពាំងនេះធ្វើ ឡើងក្នុងគោលបំណង ដើម្បីរក្សាទីជម្រកសមស្របសម្រាប់សត្វជិតផុតពូជ ពិសេសត្រយងយក្ស ត្រយងចង្កំកសនិងរក្សាទឹក សម្រាប់សត្វព្រៃ និងសត្វពាហនះ ស្រុកក្នុងរដូវប្រាំង។ការបាត់បង់ត្រពាំងទឹកក៏ជាការបាត់បង់ទឹកផឹក និងចំណីសត្វព្រៃ។
លោកបានបញ្ជាក់ប្រាប់ថា ការជីកស្តារត្រពាំងទឹកនេះធ្វើឡើងដោយចំណាយ ថវិកាច្រើន ក្នុងនេះត្រូវជីកដោយដៃផ្ទាល់ ដើម្បីកាត់ការបន្ថយការរំខានដល់សត្វព្រៃ និង ជីវចម្រុះ។ ក្នុងចំណោមប្រជាសហគមន៍៦០នាក់ត្រូវចំណាយក្នុងត្រពាំងទឹក មួយអស់ថវិកា ប្រមាណ៣៥០០ដុល្លារ។ ត្រពាំងទឹកនីមួយៗត្រូវស្តារក្នុងទំហំមាត់ លើ៣០ម៉ែត្រ គុណ២០ម៉ែត្រ និងមានទម្រង់ដូចជាឆ្នាំងខ្ទះពោលគឺជំរៅពី៣០ទៅ៧៥សង់ទីម៉ែត្រ។ សម្រាប់ រយៈពេល៤ឆ្នាំចុងក្រោយនេះដែរ បើសរុបការជីកស្តារត្រពាំងទឹកសរុបបាន ចំនួន១៥មកហើយ។
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានឱ្យដឹងថាតាមរយៈការ ប្រែ ប្រួលអាកាសធាតុកន្លងមកសត្វព្រៃនិងរួមទាំងពលរដ្ឋកម្ពុជាមួយចំនួន អាចនឹងជួប កង្វះទឹកស្អាតសម្រាប់ប្រើប្រាស់។ គ្រោះរាំងស្ងួតបានបង្កឱ្យ ត្រពាំងទឹក បឹងបួ បានស្ងួតហួតហែងដែលជះផលមិនល្អដល់ការរស់នៅរបស់មនុស្សសត្វ។ ការស្ដារត្រពាំង ក្រោមគោលដៅរួមនៃការទប់ស្កាត់ការបាត់បង់ ឬការរេចរឹលនៃសេវាអេកូឡូស៊ី។ គម្រោង ស្តារត្រពាំងសម្រេចបាននូវគោលបំណងពីរគឺ៖ ទី១.ធ្វើឱ្យប្រសើរឡើងនូវភាពបៃតង ដែលជាតម្លៃប្រព័ន្ធអេកូឡូស៊ីនៃតំបន់ការពារធម្មជាតិ និងទី២.ផ្តល់តម្លៃសម្រាប់ សហគមន៍មូលដ្ឋាន ប្រើប្រាស់សម្រាប់ការរស់នៅប្រកបដោយចីរភាព៕




ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






