ព័ត៌មានជាតិ

សត្វដង្កូវហ្វូង កំពុងបំផ្លាញស្រូវពង្រោះរបស់កសិករនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ

BY
Khmernote Media
June 20, 2024

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សត្វដង្កូវហ្វូង កំពុងបង្កមហន្តរាយបំផ្លាញនូវផលដំណាំរបស់កសិករជាច្រើនកន្លែង ដោយក្នុងនោះមានខេត្តចំនួន៩ហើយ ដែលត្រូវបានសត្វដង្កូវស៊ីស្រូវ ដំឡូងមី និងរុក្ខជាតិ ជាច្រើនប្រភេទទៀតរបស់ប្រជាកសិករជាងមួយសប្តាហ៍មកនេះ។

​លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មរុក្ចាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សត្វដង្កូវហ្វូង បានកំពុងផ្ទុះឡើងច្រើនហើយកំពុងបំផ្លាញនូវដំណាំស្រូវ ដំណាំដំឡូងមីរបស់កសិករជាច្រើនបន្តបន្ទាប់ក្នុងនោះមានដូចជា៖ ខេត្តក្រចេះ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ស្ទឹងត្រែង ព្រះវិហារ ត្បូងឃ្មុំ កំពុងចាម កំពង់ធំជាដើម។

​ដោយឡែក បើតាមអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថ្ងៃទី១៩ ខែមិថុនាថា ឃុំចំនួនបីមានដូចជាឃុំតាំងក្រូច ឃុំរុងរឿង និងឃុំប្រាំបីមុម ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានមន្រ្តីកសិកម្មបានចុះពិនិត្យស្ថានភាព នៃការបំផ្លាញរបស់ដង្កូវហ្វូង ហើយ បានរកឃើញសត្វដង្កូវហ្វូងកំពុងបំផ្លាញ នៅតំបន់វាលស្រែមួយកន្លែង ស្ថិតក្នុងនៅភូមិដូនទិព្វ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយបានបំផ្លាញស្រូវពង្រោះរបស់កសិករចំនួន ៥គ្រួសារ ស្មើនឹង ១០ហ.តនិង៣០ ហ.ត ទៀតកំពុងរងការបំផ្លាញ។ តាមការធ្វើសំណាក៥កន្លែង ក្នុងស្រែផ្សេងគ្នាដែលបានបំផ្លាញ រកឃើញដង់ស៊ីតេសត្វដង្កូវ ប្រមាណ៧០ក្បាល ក្នុងមួយម៉ែត្រការរ៉េ។

ដោយឡែកនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ដដែលនេះ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវរួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបន្តចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលដង្កូវហ្វូងនៅស្រុកពួក និងស្រុកអង្គរធំ ក្នុងខេត្តសៀមរាប។ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ស្រុកពួក និងស្រុកអង្គរធំ ពុំមានការផ្ទុះរាលដាលដង្កូវហ្វូងទេ ដូចជាស្រុកស្វាយលើ ស្រុកជីក្រែង និងស្រុកសូត្រនិគម ហើយដំណាំស្រូវមានការលូតលាស់ល្អ ដោយសារមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ។

​ប្រភពដដែលនេះបានបញ្ជាក់ថា សម្រាប់នៅខេត្តបន្ទាយមានជ័យបើទោះបីជានៅ ស្រុកព្រះនេត្រព្រះ ពុំមានការផ្ទុះរាលដាលនៃសត្វដង្កូវហ្វូងលើដំណាំក៏ដោយ ក្រុមការងារ បានបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ និងជំនួយការឃុំ សរុបចំនួន ៣០នាក់ អំពីការគ្រប់គ្រងដង្កូវហ្វូង។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារបានបង្ហាញ អំពីលក្ខណៈរូបរាង្គមេអំបៅ សំបុកពង រូបរាង្គដង្កូវ ដឹកឌឿ ការស៊ីចំណី របៀបនៃការពិនិត្យនិងវាយតម្លៃប្រជាករ និងវិធានការការពារនិងកម្ចាត់សត្វដង្កូវហ្វូងនេះ។

​គួរបញ្ជាក់ថា បើតាមអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីវិធីសាស្រ្តចំនួន៣ ដើម្បីបង្ការផលប៉ះពាល់ពីដង្កូវគឺ៖ វិធីសាស្ត្រទី១. ប្រើអន្ទាក់ជូរអែមនៅពេលយប់, វិធីសាស្ត្រទី២. ជីកចង្អូរមានមុខចំពោះចម្ការ ឬស្រែដែលគ្មានទឹក និងវិធីសាស្ត្រទី៣. អាចប្រើបានក្នុងករណីដែលវិធីសាស្ត្រទាំង២នេះ មិនមានប្រសិទ្ធភាពនោះ គឺការបាញ់ថ្នាំសម្លាប់សត្វល្អិត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: