ព័ត៌មានជាតិ

គិតត្រឹមព្រឹកនេះ! យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”នៃមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគប្រមាណជាង ២លាន ៧៦ម៉ឺនដុល្លារ

BY
Khmernote Media
June 20, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកជាផ្លូវការយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅលើទឹកដីក្រុងអង្គរនៃខេត្តសៀមរាបមក សប្បុរសជនពីគ្រប់ទិសទីបាន និងកំពុងបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ដើម្បីគាំទ្រយុទ្ធនាការកៀរគរការបរិច្ចាគប្រចាំឆ្នាំដ៏សំខាន់មួយនេះ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

លោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណិតក្រសួងព័ត៌មានថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ, មានសប្បុរសជនសរុបចំនួនប្រមាណ ១៦ម៉ឺន ៧ពាន់នាក់ បានចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ ដោយទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ២លាន ៧៦ម៉ឺនដុល្លារ។

ក្រៅពីចូលរួមបរិច្ចាគ សប្បុរសជនមួយចំនួនក៏បានចូលរួមផ្សព្វផ្សាយបន្ត ទាំងក្នុងលក្ខណៈជាបុគ្គលផ្ទាល់ និងតំណាងអង្គភាពនីមួយៗ។ ការផ្សព្វផ្សាយពីយុទ្ធនាការនេះ ក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គភាពសារព័ត៌មានានា ក្រុមហ៊ុន-សហគ្រាស ធនាគារដៃគូរបស់មូលនិធិ បុគ្គលមានប្រជាប្រិយ និងតារាសម្ដែងផងដែរ។

ស្របពេលជាមួយគ្នានេះ គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ ក៏បាន និងកំពុងបំផុសចលនាកៀរគរការបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ ដែលផ្ដួចផ្ដើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ។

សូមរំលឹកជូនថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ មានគោលបំណង២ សំខាន់ៗ គឺ ១. ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា និង ២. ដើម្បីរំលឹក និងបំផុសចលនាកៀរគរការបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ក្នុងន័យរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប។

យុទ្ធនាការនេះ មានរយៈពេលពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ដែលមានន័យថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ នៅមានរយៈពេល ១០ថ្ងៃទៀត មុននឹងដល់ថ្ងៃបិទបញ្ចប់។ ក្នុងន័យនេះ សប្បុរសជនដែលមានបំណងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា សូមមេត្តាចូលរួមផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះ តាមមធ្យោបាយរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬតាមរយៈលេខគណនី ដូចមានក្នុងរូប ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: