ក្រសួងធនធានទឹក បំភ្លឺពីបញ្ហាកម្រិតកម្ពស់ទឹកទាប នៅបឹងទន្លេសាប ដែលធ្វើឱ្យមហាជនមួយចំនួនមានការព្រួយបារម្ភ
- June 20, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ មានការចុះផ្សាយនៅលើបណ្តាញសង្គម (Facebook និង YouTube) មួយចំនួន បានលើកឡើងពីបញ្ហាកម្រិតកម្ពស់ទឹកទាបនៅបឹងទន្លេសាប ធ្វើឱ្យមហាជនមួយចំនួនមានការព្រួយបារម្ភ។

ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាស្ថាប័នទទួល បន្ទុកលើការគ្រប់គ្រងធនធានទឹកនៅក្នុងប្រទេសកម្ពុជា សូមធ្វើការពន្យល់បកស្រាយដល់សាធារណជនឱ្យបាន ជ្រាបថា៖
បឹងទន្លេសាប នៅរដូវវស្សាទទួលរបបទឹកពីទន្លេមេគង្គប្រមាណ៥០% និងប្រមាណ៥០%ទៀតទទួលពី ផ្ទៃរងទឹកភ្លៀង និងស្ទឹងសំខាន់ៗទាំង ១១។ ដោយឡែកនៅចុងរដូវវស្សា ទឹកចាប់ផ្តើមហូរចេញពីបឹង ទន្លេសាប ឆ្ពោះទៅដីសណ្ដទន្លេមេគង្គ មុននឹងហូរចាក់ចូលសមុទ្រ។ កម្ពស់ទឹកបឹងទន្លេសាបជាមធ្យម នៅរដូវ ប្រាំងមានចន្លោះពី ០,៥ម៉ែត្រ ទៅ ១ម៉ែត្រ និងនៅរដូវវស្សាមានចន្លោះពី ៧ម៉ែត្រ ទៅ ១០ម៉ែត្រ។
បច្ចុប្បន្ន ដោយសារកត្តានៃការប្រែប្រួលអាកាសធាតុ ការប្រែប្រួលគម្របដី សម្ពាធនៃសកម្មភាពសេដ្ឋកិច្ច ក្នុងតំបន់អាងទន្លេមេគង្គ ធ្វើឱ្យរបបទឹកភ្លៀង និងរបបទឹកទន្លេមេគង្គមានការថយចុះ ដែលជាហេតុបណ្តាល ឱ្យកម្ពស់ទឹកបឹងទន្លេសាបថយចុះ ជាពិសេសនៅរដូវប្រាំងឆ្នាំនេះ (២០២៣-២០២៤) កម្ពុជាក៏ដូចប្រទេសនៅ ក្នុងតំបន់ទទួលរងឥទ្ធិពល El Nino (ក្តៅខ្លាំង និងរាំងស្ងួត) ធ្វើឱ្យកម្ពស់ទឹកបឹងទន្លេសាបមានសភាពទាបជាង កម្ពស់ទឹកមធ្យមច្រើនឆ្នាំ។
យោងតាមទិន្នន័យដែលកត់ត្រានូវបរិមាណទឹកភ្លៀងច្រើនឆ្នាំក្នុងតំបន់អាងបឹងទន្លេសាប និងកម្ពស់ទឹក ច្រើនឆ្នាំនៅស្ថានីយជលសាស្ត្រកំពង់ហ្លួង(ខេត្តពោធិ៍សាត់) បានឱ្យដឹងថា៖
-របបទឹកភ្លៀងៈ នៅរយៈពេល ៥ខែដើមឆ្នាំ២០២៣ (មករា-ឧសភា) បរិមាណទឹកភ្លៀងជាមធ្យមមាន ចំនួន ៥៩មីលីម៉ែត្រ និងនៅរយៈពេល៥ខែដើមឆ្នាំ២០២៤ បរិមាណទឹកភ្លៀងជាមធ្យមមានចំនួន ៣៨,៥ មីលីម៉ែត្រ។ ដោយឡែកបរិមាណទឹកភ្លៀងមធ្យមច្រើនឆ្នាំ(២០១៥-២០២៤) នៃរយៈពេល ៥ខែដើម ឆ្នាំមានចំនួន ៤៨,៣មីលីម៉ែត្រ។ តួលេខខាងលើនេះ បានបញ្ជាក់ឱ្យឃើញថា រយៈពេល ៥ខែដើមឆ្នាំ នេះ មានចំនួនតិចជាងឆ្នាំ២០២៣ ប្រមាណ ៣៤% និងតិចជាងមធ្យមច្រើនឆ្នាំប្រមាណ ២០%។
-របបជលសាស្ត្រ: នៅខែមិថុនា ឆ្នាំ២០២៤ ទឹកមានកម្ពស់ ០,៧៨ម៉ែត្រ និងនៅខែមិថុនា ឆ្នាំ២០២៣ ទឹកមានកម្ពស់ ០,៧៣ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកមធ្យមច្រើនឆ្នាំសម្រាប់ខែមិថុនា មានកម្ពស់ ១,៥៨ ម៉ែត្រ(រយៈពេល ៣០ឆ្នាំ)។ តួលេខខាងលើនេះ បញ្ជាក់ឱ្យឃើញថា កម្ពស់ទឹកបឹងទន្លេសាប នៅក្នុងខែមិថុនា ឆ្នាំនេះ មានការថយចុះចំនួន ០,៨០ម៉ែត្រ បើប្រៀបធៀបនឹងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology
- Share This Post:






