ព័ត៌មានជាតិ

កីឡាករគុនខ្មែរលំដាប់កំពូល ៤នាក់ នឹងអង្រួនសង្វៀននៅប្រទេសបារាំង ព្រឹត្តិការណ៍ គុនខ្មែរស៊ុបពើរហ្វៃត៍ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤

BY
Khmernote Media
June 21, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា កីឡាករគុនខ្មែរលំដាប់កំពូលៗចំនួន៤នាក់នឹងអង្រួនសង្វៀនប្រដាល់នៅទីក្រុងប៉ារីស ប្រទេសបារាំងកាន់តែកក្រើក នៅក្នុងព្រឹត្តិការណ៍ គុនខ្មែរស៊ុបពើរហ្វៃត៍ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ គូសបញ្ជាក់ថា ៖«កន្លងមក គុនខ្មែរត្រូវបានផ្សព្វផ្សាយយ៉ាងច្រើន នៅតាមក្លឹបនានា ក្រុង Bordeaux ទីក្រុង Lyon និងទីក្រុង Paris ប្រទេសបារាំង ហើយនៅពេលនេះ កីឡាករគុនខ្មែរ២នាក់ទៀត គឺកីឡាករ ព្រំ សំណាង និងកីឡាករ ឡៅ ចិត្រា បានចេញដំណើរ។ ដូច្នេះកីឡាករគុនខ្មែលំដាប់កំពូលរបស់កម្ពុជាទាំង៤នាក់ គឺកីឡាករ ឈុត សេរីវណ្ណថង, លន បញ្ញា, ព្រំ សំណាង និងកីឡាករ ឡៅ ចិត្រា នឹងត្រូវប្រកួតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ខាងមុខឆាប់ៗនេះ ដោយខ្ញុំជឿជាក់ថានឹងកាន់តែកក្រើកតែម្តង និងទទួលបានការគាំទ្រកាន់តែខ្លាំងជាងលើកមុនៗទៀត»។

បន្ថែមពីលើនេះ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ សង្កត់ធ្ងន់ថា ៖«បន្ទាប់ពីជោគជ័យ ក្នុងការប្រកួតលើកមុន នៅទីក្រុង Bordeaux គឺនៅពេលនេះបងប្អូនខ្មែររស់នៅប្រទេសបារាំងបានត្រៀមចូលរួមគាំទ្រ និងអបអរសាទរដល់ការប្រកួតនៅទីក្រុងប៉ារីសយ៉ាងច្រើនកុះករតែម្តង ដោយពេលនេះសំបុត្រចូលរួមទស្សនាលក់អស់ហើយ សូម្បីតែសំបុត្រឈរមើលក៏គ្មានដែរ។ ដូច្នេះកម្មវិធីប្រកួតនេះនឹងកាន់តែកក្រើកនៅទីក្រុងប៉ារីសតែម្តង»។ ឯកឧត្តមបន្ថែមទៀតថា ៖«កម្មវិធីប្រកួតនាថ្ងៃទី២៧ ខែមិថុនានេះ គឺជាការប្រកួតដ៏ធំដោយសារតែត្រូវបានរៀបចំឡើងនៅសាលផ្លូវការ នៃទីក្រុងប៉ារីសតែម្តង ដោយទទួលបានការសហការរៀបចំដោយភាគីក្លឹបនៅប្រទេសបារាំង ហើយការប្រកួតប្រជែងគឺមានកម្រិតខ្ពស់ ដោយសារអ្នកចូលរួមប្រកួតសុទ្ធតែជាម្ចាស់ខ្សែក្រវាត់ ជើងឯករបស់ប្រទេសបារាំង និងកីឡាករខ្លាំងៗជិតប្រទេសបារាំង រីឯកីឡាករមួយថៃក៏ចូលរួមដែរ»។

ឯកឧត្តម ខូវ ឆាយ លើកឡើងទៀតថា ដោយសារព្រឹត្តិការណ៍ប្រកួត នាថ្ងៃទី២៧ ខែមិថុនានឹងមានការចូលរួមពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង អភិបាលក្រុងប៉ារីស ហើយឯកឧត្តមផ្ទាល់ក៏នឹងទៅចូលរួមផងដែរ ដោយនៅថ្ងៃទី២៥ ខែមិថុនា ឯកឧត្តមនឹងចេញដំណើរចាកចេញពីកម្ពុជា៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: