ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំស្ថាប័នតុលាការ និងស្ថាប័នអយ្យការ មានវិធានការអនុវត្តច្បាប់ឱ្យបាន “ម៉ឺងម៉ាត់” ចំពោះករណីសំណុំរឿងរបស់ជនល្មើសឈ្មោះ ស្រី ស៊ីណា

    BY Khmernote Media June 24, 2024
    អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំស្ថាប័នតុលាការ និងស្ថាប័នអយ្យការ មានវិធានការអនុវត្តច្បាប់ឱ្យបាន “ម៉ឺងម៉ាត់” ចំពោះករណីសំណុំរឿងរបស់ជនល្មើសឈ្មោះ ស្រី ស៊ីណា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងយុត្តិធម៌ស្នើសុំស្ថាប័នតុលាការ និងស្ថាប័នអយ្យការ មានវិធានការអនុវត្តច្បាប់ឱ្យបាន “ម៉ឺងម៉ាត់” ចំពោះករណី​សំណុំរឿងទាំងពីរនេះ និងស្នើសុំថា ទោសដែលចេញលើសំណុំរឿងទាំងពីរខាងលើនេះនឹងមិនត្រូវស្រូបបញ្ចូលគ្នាឡើយ ដើម្បី​ធានាដល់គោលការណ៍ “សមទណ្ឌោ” ទៅតាមច្បាប់ ចំពោះករណីនៃការបាញ់ប្រហារខាងលើ។

    សារក្នុងន័យស្វែងរកយុត្តិធម៌ក្នុង​សំណុំរឿងអតីតឧកញ៉ា ស្រី ស៊ីណា ខ្មាន់កាំភ្លើងផ្តាច់ជីវិតគូដណ្ដឹងនៅតែពេលចូលរោងការមួយគូ និងប្រហារឱ្យរបួសធ្ងន់ស្រាលមនុស្សពីរនាក់ផ្សេងទៀត បានបង្ហាញឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២៤នេះ។

    ក្នុងសេចក្តីប្រកាសព័ត៌មានចំនួនបីទំព័រ បានគូសបញ្ជាក់ដូច្នេះថា អ្នកនាំពាក្យក្រសួងយុត្តិធម៌ គូសបញ្ជាក់ជូនសាធារណជន​នូវចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងករណីបាញ់ប្រហារដ៏សាហាវ​ប្រព្រឹត្ត​ដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងចំណាត់ការក្នុងការ​អនុវត្ត​ច្បាប់ចំពោះករណីនេះ ដូចខាងក្រោម ៖

    ទី១-ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តដាក់បំផុតលើការអនុវត្តច្បាប់ ចំពោះករណីខាងលើនេះ ដើម្បីធានាថា ច្បាប់ត្រូវបាន​អនុវត្តដោយ “ត្រឹមត្រូវ” និងដោយ “ម៉ឺងម៉ាត់” នៅក្នុងករណីនេះ ពិសេស ធានាថា ជនល្មើសដាច់ខាតត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខច្បាប់ជាធរមាន ដោយម៉ឺងម៉ាត់ និងដោយគ្មានការបន្ធូរបន្ថយណាមួយឡើយ, អ្នកមិនពាក់ព័ន្ធត្រូវទទួលបាននូវយុត្តិធម៌តាមច្បាប់ ហើយជនរងគ្រោះដាច់ខាតត្រូវតែទទួលបានយុត្តិធម៌ ដោយត្រឹមត្រូវតាមច្បាប់។

    ទី២-ជនល្មើសឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មក, នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤, អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំ​រឿង​ពីរដាច់ដោយឡែកពីគ្នា៖ (១)-បទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោស​ដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ, (២)-បទប៉ុនប៉ងឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាមមាត្រា ២៧ និង មាត្រា ១៩៩ នៃក្រម​ព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ និង (៣)-បទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ។ ជាមួយគ្នានេះ, អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងឱ្យមានសេរីភាពវិញនូវបុគ្គលពីររូបទៀត រួមមាន​ឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ ដោយផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ និងភស្តុតាង ដែលបង្ហាញ​ថា បុគ្គលពីររូបនេះ មិនមានការពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើ។

    ទី៣-ផ្អែកលើបទចោទប្រកាន់ និងការបំបែកសំណុំរឿងជាពីររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងច្បាប់​នៃព្រះរាជាណាចក្រកម្ពុជា, ជនល្មើសឈ្មោះ ស្រី ស៊ីណា នឹងត្រូវកាត់ទោសដោយសាលក្រមចំនួន ២ សម្រាប់សំណុំរឿងពីរ​ដាច់ដោយឡែកពីគ្នា ហើយអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ក្នុងសំណុំរឿងនីមួយៗ។

    អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំស្ថាប័នតុលាការ និងស្ថាប័នអយ្យការ មានវិធានការអនុវត្តច្បាប់ឱ្យបាន “ម៉ឺងម៉ាត់” ចំពោះករណី​សំណុំរឿងទាំងពីរនេះ និងស្នើសុំថា ទោសដែលចេញលើសំណុំរឿងទាំងពីរខាងលើនេះនឹងមិនត្រូវស្រូបបញ្ចូលគ្នាឡើយ ដើម្បី​ធានាដល់គោលការណ៍ “សមទណ្ឌោ” ទៅតាមច្បាប់ ចំពោះករណីនៃការបាញ់ប្រហារខាងលើ។

    ទី៤-ការចោទប្រកាន់ខាងលើនេះ គឺ ធ្វើឡើងដោយផ្អែកតាមអង្គហេតុ និងភស្តុតាងដែលជាលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ច​នគរបាល និងអយ្យការអមសាសាដំបូងរាជធានីភ្នំពេញ។ សំណុំរឿងនេះត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដែលមានសមត្ថកិច្ច​ធ្វើការស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀត ដោយផ្អែកតាមច្បាប់ជាធរមាន ហើយជនល្មើសក៏ត្រូវបានចៅក្រមសម្រេច​ឃុំខ្លួន​ជាបណ្តោះអាសន្នទៅតាមនីតិវិធីច្បាប់ជាធរមាន។

    អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា ក្នុងករណីមានការស្រាវជ្រាវរកឃើញភស្តុតាងថ្មីបន្ថែម ដែលធ្វើឱ្យប្រែប្រួលទៅលើ​អង្គ​ហេតុ និងបទចោទប្រកាន់, ទាំងចៅក្រមស៊ើបសួរ ទាំងចៅក្រមជំនុំជម្រះ មានសិទ្ធិអំណាចតាមច្បាប់ ក្នុងការកែប្រែបទចោទ​ប្រកាន់ ទៅតាមអង្គហេតុ, ភស្តុតាង និងអង្គច្បាប់ ដែលមានក្នុងសំណុំរឿង ដោយអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងក្រម​នីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

    ទី៥-ករណីបាញ់ប្រហារខាងលើ គឺពិតជារឿងដ៏រន្ធត់ និងអាណោចអាធ័មក្រៃលែង ទាំងសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិយើង ហើយយើងពុំមានជម្រើសអ្វីក្រៅពីការអនុវត្តតាមច្បាប់ឱ្យបាន “ត្រឹមត្រូវ” និង “ម៉ឺងម៉ាត់” ដោយផ្អែក​តាមអង្គហេតុ, ភស្តុតាង និង អង្គច្បាប់នៅក្នុងសំណុំរឿង ដើម្បីធានាថា ជនរងគ្រោះទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ ហើយ​ជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយម៉ឺងម៉ាត់ និងដោយគ្មានបន្ធូរបន្ថយណាមួយឡើយ។

    អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានចូលរួមសម្តែងនូវការសោកស្តាយ និងការរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ​របស់ជនរងគ្រោះ ព្រមទាំងបានអះអាងថានឹងបន្តតាមដានដោយយកចិត្តទុកដាក់លើករណីសំណុំរឿងខាងលើនេះ ដើម្បីធានាថា ច្បាប់នឹងត្រូវអនុវត្តដោយ “ត្រឹមត្រូវ” និង “ម៉ឺងម៉ាត់” ចំពោះជនល្មើស សំដៅធានារកយុត្តិធម៌ជូនជនរងគ្រោះនៅក្នុង​សំណុំរឿង​ទាំងពីរខាងលើ។

    សូមជម្រាបថា សេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ បានកើតឡើងបន្ទាប់ពីមានការបញ្ចេញប្រតិកម្មចម្រុះលើបណ្ដាញសង្គមនានាអំពីបទចោទ និងទោសដែលជនជាឃាតករត្រូវទទួល ខណៈដែលមតិទាំងនោះលើកឡើងថា ហាក់ដូចជាស្រាលពេកសម្រាប់ឃាតករសម្លាប់មនុស្សមិនញញើតដៃនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay