កូនឈើប្រណិត ២ម៉ឺនដើម ត្រូវបានប្រគល់ជូនរដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រាប់ដាំបន្តនៅជើងភ្នំ ១០០៥
- June 24, 2024
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបរិច្ចាគកូនឈើប្រណិតចំនួន ២០,០០០ដើម ជូនដល់រដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីគាំទ្រលើ «យុទ្ធនាការដាំដើមឈើ ១លានដើម» ពិធីនេះមានការអញ្ចើញចូលរួម ពី លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង និងលោក Jonh Willis នាយកប្រចាំប្រទេសរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance (WA) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ មានបំណងការពារ និងអភិរក្សព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញ ក៏ដូចជាការដាំដើមឈើដែលបានបាត់បង់ឡើងវិញផងដែរ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានធ្វើការរួមគ្នាអស់រយៈពេលជាង ២ទសវត្សមកហើយ ទៅលើកិច្ចការពារព្រៃរងទឹកភ្លៀងរបស់កម្ពុជា ហើយយុទ្ធនាការនេះនឹងជួយពង្រឹងបន្ថែមទៅលើគោលបំណងនោះ។លោក Jonh Willis នាយកប្រចាំប្រទេស របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance (WA) បានថ្លែងថា «យើងបានដឹកជញ្ជូនកូនឈើចំនួន ២០,០០០ដើម ដើម្បីប្រគល់ជូនរដ្ឋបាលស្រុកវាលវែង ហើយយើងរំពឹងថា កូនឈើដែលបានបរិច្ចាគនឹងជួយស្តារតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញឡើងវិញ»។
លោក ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចការស្តារគម្របព្រៃឈើរបស់កម្ពុជាឡើងវិញ និងរដ្ឋបាលស្រុកវាលវែង លើការផ្តល់តម្លៃ និងទទួលស្គាល់នូវការបរិច្ចាគកូនឈើទាំងនេះ។បន្ថែមពីលោក Willis បានបញ្ជាក់ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃជឿជាក់ថា ការផ្តួចផ្តើមគំនិតការដាំស្តារព្រៃឈើឡើងវិញ នឹងជះឥទ្ធិពលជាវិជ្ជមានលើបរិស្ថាន ក៏ដូចជាចូលរួមចំណែកក្នុងការលើកតម្កើងកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលលើឆាកអន្តរជាតិផងដែរ។លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង បានបង្ហាញពីការប្តេជ្ញាចិត្តដាំកូនឈើឡើងវិញនៅទីតាំងដែលរងការកាប់ទន្ទ្រាន ដើម្បីបង្កើនគម្រប់ព្រៃឈើ ព្រមទាំងស្នើដល់មន្ត្រីពាក់ព័ន្ធបង្កើនសកម្មភាពបន្ថែមទៀត ដើម្បីធ្វើយ៉ាងទប់ស្កាត់ការលួចកាប់ទន្ទ្រានព្រៃឈើពីសំណាក់ក្រុមជនខិលខូចមួយចំនួនតូចឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក អភិបាលរងស្រុកវាលវែង បានឱ្យដឹងដែរថា ការផ្តល់កូនឈើដល់រដ្ឋបាលស្រុកនៅពេលនេះ គឺដើម្បីឆ្លើយតបទៅយុទ្ធនាការ «ដាំដើមឈើមួយលានដើម»។លោកបន្តថា «ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ នៅការជួយឧបត្ថម្ភកូនឈើ ដើម្បីដាំនៅស្រុកវាលវែង ក្នុងគោលបំណងអោយក្លាយជាធម្មជាតិបៃតងឡើងវិញ»៕









ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
- Share This Post:






