ព័ត៌មានជាតិ

ក្រសួងកសិកម្ម អំពាវនាវឱ្យប្រជាកសិករជួបប្រទះ នឹងដង្កូវកំពុងបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឱ្យបានឆាប់ដើម្បីបាញ់ថ្នាំកម្ចាត់ចោល

BY
Khmernote Media
June 24, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា អគ្គនាយកដ្ឋានកសិកម្មបានអំពាវនាវដល់ប្រជាកសិករជួបប្រទះនឹងដង្កូវកំពុងបំផ្លាញដំណាំស្រូវ សូមរាយការណ៍ឬធ្វើការទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតដើម្បីបាញ់ថ្នាំកម្ចាត់ចោល។នេះបើតាមការអំពាវនាវរបស់ឯក ឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ និង នេសាទ បន្តចុះពិនិត្យការផ្ទុះរាលដាលដង្កូវ និងនាំយកដ្រូនបង្ហោះបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តមអគ្គនាយកដ្ឋានកសិកម្មបានលើកឡើងថាការបន្តចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីសិក្សាវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង និងណែនាំដល់ប្រជាកសិករអំពីវិធានការទប់ស្កាត់និងកម្ចាត់ដង្កូវតាមរយៈការណែនាំ និងផ្តល់សៀវភៅ ស្តីពី វិធានការចម្រុះគ្រប់សមាសភាពចង្រៃលើដំណាំស្រូវ និងបច្ចេកទេសប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យត្រឹមត្រូវស្របតាមស្តង់ដាបច្ចេកទេសដែលអាចចៀសវាងផលប៉ះពាល់ដល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ជាមួយគ្នានោះដែរឯកឧត្តមក៏បានអំពាវនាវទៅដល់ប្រជាកសិករទាំងអស់ សូមចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះស្ថិតនៅក្នុងដំណាក់កាលនៃការផ្ទុះឡើងដង្កូវហ្វូងនៅឡើយ។ ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមិថុនានេះ ដង្កូវហ្វូងបានបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករនៅ ខេត្តកំពង់ស្ពឺ ប្រមាណជា៦៥ហិកតាប៉ុណ្ណោះ ខណៈមកដល់ថ្ងៃទី២៣ ខែមិថុនានេះ ផលប៉ះពាល់ដំណាំស្រូវមានចំនួនប្រហែលជាជិត២០០ហិកតា។

ឯកត្តមបានគូសបញ្ជាក់ថា៖”បើសិនជាប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យស្រែចម្ការ និងចាត់វិធានការកម្ចាត់ឱ្យបានទាន់ពេលទេនោះ ដង្កូវហ្វូងអាចបំផ្លាញដំណាំស្រូវឬដំណាំផ្សេងៗទៀតក្នុងរយៈពេល២ទៅ៣ថ្ងៃអស់តែម្តង”។ ឯកឧត្តមអគ្គនាយកបានបន្ថែមថា ប្រសិនបើប្រជាកសិករជួបប្រទះនឹងដង្កូវកំពុងបំផ្លាញដំណាំស្រូវ សូមរាយការណ៍ឬធ្វើការទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក-ខេត្ត ដើម្បីជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬវិធីសាស្ត្រនៃការជ្រើសរើសថ្នាំកសិកម្មសម្រាប់បាញ់កម្ចាត់ដង្កូវនោះឱ្យទាន់ពេលវេលា៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: