សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំ ទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅគ្រប់ទីកន្លែង នៅថ្ងៃទី៥ ខែសីហាខាងមុខ ដើម្បីគាំទ្រ«គម្រោងព្រែកជីកហ្វូណនតេជោ»
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ យោងតាមប្រសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើចំពោះរាជរដ្ឋាភិបាល ទូងស្គរ បាញ់កាំជ្រួច នៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីបង្ហាញពីការគាំទ្រលើកទឹកចិត្តនូវការអនុវត្ត «គម្រោងព្រែកជីកហ្វូណនតេជោ»។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងពិធីមីទ្ទីងរំឭកខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៤)នាព្រឹកថ្ងៃទី២៨ ខែមិថុនានេះថា៖ «ខ្ញុំស្នើ ចំពោះរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហាខាងមុខ នៅពេលបើកការដ្ឋានព្រែកជីកហ្វូណនតេជោនេះ សូមអំពាវនាវឱ្យគ្រប់ទីអារាម និងកន្លែងផ្សេងៗ ទូងស្គរ នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងរហូតដល់បាញ់កាំជ្រួចឡើងលើមេឃ ហើយយប់ថ្ងៃទី០៥ ខែសីហា ក៏ត្រូវបាញ់កាំជ្រួចបន្ថែមទៀត នៅទីកន្លែងដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តសម្រេចការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ»។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា៖ «គម្រោងព្រែកជីកហ្វូណនតេជោមួយនេះ វានឹងបង្កើតឱកាសសម្រាប់រាប់រយ រាប់ពាន់ រាប់ម៉ឺនឆ្នាំ ដល់កម្ពុជា ដើម្បីធានាថាកម្ពុជាអាចមានផ្លូវដឹកជញ្ជូនទៅផ្លូវសមុទ្រដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃ។ ខ្ញុំមានជំនឿងយ៉ាងមុតម៉ាំថា ព្រែកជីកហ្វូណនតេជោនេះ នឹងក្លាយជាប្រព័ន្ធអេកូឡូស៊ីមួយដ៏ធំ សម្រាប់ទិសនិរតីរបស់កម្ពុជា ដែលជួយបំពេញបន្ថែមទៅលើការទប់ស្កាត់ នឹងរួមចំណែកការប្រែប្រួលអាកាសធាតុ ហើយបង្កើតនូវស្ថានភាពបៃតងគ្រប់រដូវកាលនៅទិសនិរតីរបស់កម្ពុជា» ៕

