ព័ត៌មានជាតិ

រំភើបណាស់! វត្ថុបុរាណខ្មែរចំនួន ១៤រូប ពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញ៉ូយ៉ក ត្រូវបានបញ្ជូនមកដល់កម្ពុជា

BY
Khmernote Media
July 4, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកក្កដា​ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនព័ត៌មានស្តីពីការប្រគល់មកវិញនូវរតនសម្បត្តិជាតិ វត្ថុបុរាណខ្មែរចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញ៉ូយ៉ក ត្រូវបានបញ្ជូនមកដល់កម្ពុជា។

ក្រសួងវប្បធម៌ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា វត្ថុបុរាណ ខ្មែរចំនួន១៤រូប ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET) នៅសហរដ្ឋអាមេរិក មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការ ប្រគល់ជូនមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ២០២៣។ ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំ រវាងក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុង ញូវយ៉ក (SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) និងតំណាងសារមន្ទីរ MET។ វត្ថុបុរាណខ្មែរទាំងនេះមានដូចជា ទេពស្រី(នាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០គ.ស. ដែលជារូបចម្លាក់ដ៏ល្អ ឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ នៅឆ្នាំ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរកឃើញប្រអប់ជើងនៃ បដិមានេះនៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបញ្ជាក់ថា បដិមា នេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុត រូបចម្លាក់នាងឧមាអាចផ្តុំជាមួយគ្នាឡើងវិញជារូបបដិមាតែមួយ ពេញលេញ និងល្អវិចិត្រ។

ចម្លាក់ដ៏កម្រ និងជាស្នាដៃឯកមួយទៀតគឺ បដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ចុងសតវត្សរ៍ទី១០ ដើម១១គ.ស ដែលសារមន្ទីរ MET បានទិញបដិមានេះពីលោក Douglas Latchford នៅក្នុងឆ្នាំ១៩៩២។ វត្ថុបុរាណដ៏សំខាន់មួយទៀត នោះ គឺព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី១០គ.ស. ដែលកម្ពុជាតែងព្យាយាមស្វែងរក ដើម្បីយកមកផ្តុំឡើង វិញជាមួយនឹងដងខ្លួន បច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។ ព្រះកេសនេះប្រហែលត្រូវបានគេលួចនៅក្នុង ទសវត្សរ៍១៩៩០ រីឯដងខ្លួនត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយក្នុងទសវត្សរ៍១៩៣០ ក្នុងខេត្តបាត់ដំបង។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា «ការ ប្រគល់សម្បត្តិវប្បធម៌របស់ជាតិយើងត្រឡប់មកវិញពីសារមន្ទីរ MET គឺមានសារៈសំខាន់បំផុត មិនសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ។ យើងដឹងថា វត្ថុបុរាណខ្មែរជាច្រើនទៀតស្ថិតនៅសារមន្ទីរ MET ដែលយើងសង្ឃឹមថា វត្ថុដ៏មានតម្លៃទាំងនោះនឹងវិលត្រឡប់មកកម្ពុជាវិញ។ យើងមានសេចក្ដីសោមនស្សរីករាយ ថ្មីៗនេះ ហើយយើង ដែលអ្នកកាន់កាប់សមុច្ច័យឯកជននានា និងសារមន្ទីរមួយចំនួនបានទាក់ទងមកយើងក្នុងពេលថ្មីៗ រំពឹងថា មរតកវប្បធម៌សំខាន់ៗដទៃជាច្រើនទៀត នឹងប្រគល់ត្រឡប់មកមាតុភូមិវិញនាពេលអនាគត ៕»

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

Share This Post: