ទឹកដោះគោស្រស់ លួចនាំចូលដោយខុសច្បាប់ចំនួន ៧១កេស ត្រូវបានដុតបំផ្លាញចោល ក្នុងខេត្តបាត់ដំបង
- July 4, 2024
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ទឹកដោះគោស្រស់ ដែលលួចនាំចូលដោយខុសច្បាប់ចំនួន ៧១កេសស្មើនឹងចំនួន ១,៨៦៣ដប ត្រូវបានដុតបំផ្លាញចោលបន្ទាប់ពីធ្វើការបង្រ្កាបនិងដកហូតរួច។

ការបង្ក្រាប និងដកហូតនេះ ដោយអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងលោកវរសេនីយ៍ឯក ភួង ច័ន្ទតារា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានលោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្នុងការិយាល័យនេះ មានលោកវរសេនីយ៍ទោ ប្រាក់ ធី ជានាយរងការិយាល័យនិងមន្រ្តីក្រោមឱវាទ ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងតំណាងម្ចាស់ក្រុម ហ៊ុន យូអិនធីហ្វូលសេលខូអិល ធីឌី ផងនោះ បាននាំយកទឹកដោះគោស្រស់ ម៉ាកDUTCHMILL សរុបចំនួន ៧១កេស ស្មើនឹងចំនួន ១,៨៦៣ដប ដែលត្រូវបានក្រុមហ៊ុនខាងលើ ប្តឹងមកសមត្ថកិច្ចទាក់ទងនឹងករណីនាំចូលដោយខុសច្បាប់ ទៅដុតបំផ្លាញចោលក្នុងភូមិសាស្រ្តស្រុកសង្កែ ខេត្តបាត់ដំបង។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការបញ្ជាដឹកនាំពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលក្នុងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្រ្កាប និងដកហូតទឹកដោះគោស្រស់ ម៉ាកDUTCHMILL នៅចំណុចស្រុកកំរៀង និងចំណុចក្រុងបាត់ដំបង ក្នុងខណៈដែលកំពុងនាំចូលពីក្រៅស្រុកដោយ គ្មានការអនុញ្ញាតពីម្ចាស់ក្រុមហ៊ុនខាងលើ។
ក្រោយពីបានធ្វើការស្រាវជ្រាវចប់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានអនុញ្ញាតឱ្យធ្វើការដុតបំផ្លាញចោល ត្បិតទំនិញទាំងនេះត្រូវខូចគុណភាពទាំងស្រុង ដោយការនាំចូលពុំស្របច្បាប់ និងការដឹកជញ្ជូនខុសលក្ខណៈបទដ្ឋានបច្ចេកទេស៕







- Share This Post:






