ក្នុងរយៈពេល៥ខែនៃដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២,៦លាននាក់ កើនជាង ២២ភាគរយ
- July 4, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ភ្ញៀវអន្តរជាតិសរុបចំនួនជាង ២.៦ លាននាក់ បានមកទស្សនានៅប្រទេសកម្ពុជា កើនឡើង ២២.១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ២.១លាននាក់។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងចំណោមទេសចរជាង ២,៦លាននាក់ ទេសចរថៃឈរនៅលំដាប់លេខរៀងទី១ មានចំនួន៧៧ម៉ឺននាក់ កើន ៦,១% វៀតណាមចំនួន៥២ម៉ឺននាក់ កើនជិត៤០% ចិន៣២ម៉ឺននាក់កើនជាង ៤០%។
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ធ្លាប់លើកឡើងថា នៅឆ្នាំ២០២៤នេះ ប្រទេសចិន ឈរនៅលំដាប់ថ្នាក់ទី៣ ជាប្រទេសដែលមានភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាក្នុងចំនួនច្រើន ហើយនៅតែបន្តកើនឡើង។ ក្នុងន័យនេះ អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ បានពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិន ពីចិនបានឡើយ។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា កំណើនទេសចរចិន គឺជាកាលានុវត្តន៍ ដ៏សំខាន់ដែលមិនត្រឹម តែជំរុញនូវការអភិវឌ្ឍន៍វិស័យទេសចរណ៍ប៉ណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវឱកាស វិនិយោគក្នុង វិស័យផ្សេងៗ ដែលកម្ពុជា និងប្រទេសជាច្រើននៅលើពិភពលោក បានចាត់ទុកចិនជាដៃគូយុទ្ធសាស្រ្ត និងជាប្រភពទីផ្សារដ៏សំខាន់បំផុត សម្រាប់មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន។
បើតាមរបាយការណ៍ ប្រជាពលរដ្ឋចេញទៅកម្សាន្តនៅក្រៅប្រទេស មានចំនួនជាង ៧៤ម៉ឺននាក់ កើនឡើង៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕



- Share This Post:






