ព័ត៌មានជាតិ

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កំពុងសិក្សាស្រាវជ្រាវលើប្រធានបទមួយស្តីពីការលើកកម្ពស់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពនៅកម្ពុជា

BY
Khmernote Media
July 8, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) កំពុងសិក្សាស្រាវជ្រាវលើប្រធានបទមួយស្តីពី “ការលើកកម្ពស់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពនៅកម្ពុជា” ដោយធ្វើការសិក្សានៅភូមិបណ្តែតទឹកបឹងទន្លេសាប ក្រោមគម្រោងកែលម្អការអប់រំថ្នាក់ក្រោយឧត្តមសិក្សា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយធនាគារពិភពលោក។

បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គោលបំណងចម្បងនៃគម្រោងនេះ គឺផ្តោតសំខាន់លើការកែលម្អការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាព ដែលសមស្របទៅនឹងបរិបទសង្គមសេដ្ឋកិច្ច និងបរិស្ថាន នៅតំបន់ភូមិបណ្តែតទឹក នៃបឹងទន្លេសាប ក្នុងនោះមានគោលបំណងសំខាន់ៗ ដែលនឹងធ្វើការស្រាវជ្រាវរួមមាន៖ (១) ការវិភាគ និងវាយតម្លៃគុណភាពទឹកលើផ្ទៃដី និងទឹកក្រោមដី និង (២) គឺសិក្សាវិធីសាស្ត្រសម្អាតទឹកដោយជ្រើសរើសធុងចម្រោះខ្សាច់ជីវសាស្ត្រ (Bio-Sand-Filter) ដែលមានប្រសិទ្ធភាព និងការចំណាយទាប ព្រមទាំងមានសមត្ថភាពដកយកសារធាតុមិនល្អចេញពីក្នុងទឹក ឱ្យស្របទៅតាមគុណភាពទឹកស្អាតថ្នាក់ជាតិ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: