អបអរសាទរ! កម្ពុជាបានមេដាយ ២១គ្រឿង ពីការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ នៅឥណ្ឌូនេស៊ី
- July 8, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Cambodia 2023 បានឱ្យដឹងថា ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជាដណ្ដើមបានមេដាយ២១គ្រឿងពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ ASIAN Regional Championship Southeast Asia ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

អត្តពលិកជាតិទាំង១២រូបដែលត្រូវបានបញ្ជូនចូលរួមព្រឹត្តិការណ៍ខាងលើប្រជែងបានមេដាយមាស៩គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធ៨គ្រឿង។ ឯកឧត្តម ថោង បញ្ញាធន អនុប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជា បានបញ្ជាក់ថា៖ យើងមានមោទនកភាពយ៉ាងខ្លាំងចំពោះក្រុម។ សមត្ថភាពដ៏ល្អ និងជោគជ័យជាបន្តបន្ទាប់ គឺជាសមិទ្ធផលដ៏អស្ចារ្យ និងបង្ហាញពីការលះបង់ ក៏ដូចជាការប្រឹងប្រែងរបស់ពួកគេ។ ខ្ញុំសូមចូលរួមអបអរដល់អត្តពលិកជាតិដ៏ឆ្នើមរបស់ពួកយើង និងក្រុមការងារគ្រូបង្វឹកចំពោះការឈ្នះមេដាយ២១គ្រឿងនេះ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងធំធេងចំពោះ CamEd Business School និង CMAC Jiu Jitsu Club សម្រាប់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការបញ្ជូនអត្តពលិករបស់ពួកគេមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏ដូចជាអ្នកឧបត្ថម្ភធំរបស់យើង ដូចជា Naga Balm , Dai Ek, Alpha Fitness, និង Kiri Jiu Jitsu សម្រាប់ការធ្វើឱ្យការចូលរួមរបស់យើងអាចប្រព្រឹត្តទៅបាន។
គួរដឹងដែរថា ការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ ASIAN Regional Championship Southeast Asia 2024 មាន៦ប្រទេសចូលរួម សរុបអត្តពលិក២៥៨នាក់៕







ប្រភព៖ Cambodia 2023
- Share This Post:






