ឯកឧត្តម គួច ចំរើន អញ្ជើញចុះអន្តរាគមន៍រកស.ពក្មេងស្រី៣នាក់ ដែលលង់ទឹកបាត់បង់ជីវិតទាំងយប់ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ
- July 9, 2024
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន មានការបាត់ក្មេងស្រីចំនួន ៣នាក់ នាយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង៨ និង៥០នាទី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដល់ទីតាំងក្មេងស្រី៣នាក់លង់ទឹក ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចាត់ចែងកងកម្លាំងរាវរកសពក្មេងស្រីរងគ្រោះ។

ក្នុងឱកាសនោះដែរឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាំយកថវិការបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ឧបត្ថម្ភ១គ្រួសារ ៥លានរៀល។
តាមការរៀបរាប់របស់ម្តាយជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ បានចេញពីផ្ទះនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨ និង ៣០នាទីព្រឹក តាមកាមេរ៉ាសុវត្ថិភាព មានក្មេងរងគ្រោះចំនួន០៣នាក់ បានដើរចេញពីក្នុង បុរី រណបសុភមង្គល ឆ្ពោះមកលេងទឹកបឹងទឹកជោរនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល។
លុះដល់វេលម៉ោងបាយថ្ងៃត្រង់មិនឃើញក្មេងទាំង០៣នាក់នោះមករកហូបបាយដូចសព្វដងក្រុមគ្រួសារស្វែងរក មកដល់ទីតាំងបឹងខាងលើក៏ឃើញសម្ភាររបស់ពួកក្មេងៗនៅមាត់បឹងទឹកជោរ តែមិនឃើញក្មេងៗទេសង្ស័យថា ក្មេងៗលង់ទឹកតែម្តង។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពក្មួយស្រី និងសូមឱ្យវិញ្ញាណក្ខន្ធក្មួយស្រីទាំង៣ សូមបានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕





ប្រភព៖ រដ្ឋបាលខេត្តកណ្តាល
- Share This Post:






