ព័ត៌មានជាតិ

ក្រសួងធម្មការ និងសាសនា ណែនាំដល់ទីវត្តអារាមទាំងអស់ វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅថ្ងៃបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ»

BY
Khmernote Media
July 9, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំដល់មន្ទីរធម្មការនិងសាសនា រាជធានី-ខេត្ត ស្តីពីការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមទីវត្តអារាមសាសនា នៅថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅវេលាម៉ោង ៩៖០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងក្លាយជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ក្រសួងសូមធ្វើការណែនាំដូចខាងក្រោម៖

១. ត្រូវសហការជាមួយ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំគ្រប់សាសនា រៀបចំ វាយ គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដោយបន្លឺជាសំឡេងឱ្យបានកងរំពង នៅតាមទីអារាមសាសនា ដូចជា វត្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ ឱ្យបានព្រមៗគ្នា។

២.ត្រូវបង្កលក្ខណៈនៅតាមអារាមសាសនានីមួយៗ ដើម្បីឱ្យបរិស័ទទាំងអស់បានចូលរួមអបអរសាទរ ឱ្យបានឱឡារិកអធិកអធម។

ដូច្នេះសូមលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត ចាត់ចែងអនុវត្តសេចក្តីណែនាំនេះ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ ក្រសួងធម្មការនិងសាសនា

Share This Post: