ព័ត៌មានជាតិ

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បង្កាត់ពូជអណ្តើកក្អែកលើកដំបូងបង្អស់បានដោយជោគជ័យ

BY
Khmernote Media
July 9, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ Angkor Centre for Conservation of Biodiversity (ACCB ) បានធ្វើការជូនដំណឹងអំពីកូនអណ្តើកដែលទើបញាស់មួយផ្សេងទៀតថ្មីៗនេះ ជាអណ្តើកក្អែកបានញាស់នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ។ នេះបើតាមការឱ្យដឹងពីមជ្ឈមណ្ឌលសម្រាប់ការអភិរក្សជីវៈចម្រុះអង្គរ Angkor Centre for Conservation of Biodiversity (ACCB) នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។

អណ្តើកក្អែកជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ដែលមានដើមកំណើតនៅតែក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ ពួកវាកំពុងប្រឈមនឹងការគំរាមកំហែងមួយចំនួន រួមមានការធ្វើទោហនកម្មសត្វព្រៃ (ការជួញដូរ) សម្រាប់ការប្រើប្រាស់ជាលក្ខណៈជាតិ និងអន្តរជាតិ ការជួញដូរនិងការបាត់បង់ទីជម្រក។ អណ្តើកនោះមានពណ៌ខ្មៅសុទ្ធ និងមានស្នាមអុចពពាលពណ៌សមួយចំនួននៅលើផ្ទៃមុខរបស់ពួកវា ហើយត្រូវបានគេស្គាល់ថា Smiling Terrapin ដោយទម្រង់មាត់រាងកោងឡើងលើរបស់ពួកវា។ មេបារបស់កូនអណ្តើកនេះត្រូវបានសង្គ្រោះពីការលក់ដូរដោយខុសច្បាប់នៅតាមចិញ្ចើមថ្នល់។ នេះបញ្ជាក់ពីការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងរបស់ ACCB ក្នុងការបង្កើតនូវចំនួនប្រជាសាស្ត្រ ដែលធានាឱ្យបានជោគជ័យសម្រាប់អណ្តើកប្រភេទនេះ។

អណ្តើកក្អែកញីពងបានតែមួយ ជួនកាលពីរក្នុងពេលតែមួយ ប៉ុន្តែអាចពងបានដល់ទៅបី ឬបួនដងក្នុងមួយរដូវ។ ACCB មានសេចក្តីសោមនស្សរីករាយអបអរសាទរចំពោះការបង្កាត់ពូជបានដោយជោគជ័យជាលើកដំបូងបង្អស់របស់ពួកយើងនូវប្រភេទនេះ ក្នុងមជ្ឈមណ្ឌល ហើយសូមរង់ចាំកូនអណ្តើកញាស់បន្ថែមទៀតនាពេលអនាគត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: