គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៦២,១១%ហើយ
- July 9, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦២,១១%ហើយ។
បច្ចុប្បន្ននេះ ក្រុមការងារកំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC និងការងារ Base Course ជាអតិបរមា ព្រមទាំងការងារ Structure ត្រូវអ៊ុត AC បញ្ចប់នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះហើយ។
ទន្ទឹមនឹងនេះ ក្រសួងសុំការយោគយល់ អធ្យាស្រ័យខ្ពស់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវដែលកំពុងសាងសង់ និងលើកកម្រិតគុណភាព ដោយមានកំណាត់ផ្លូវខ្លះ ត្រូវកែសម្រួលឱ្យកាន់តែប្រសើរឡើង និងមានសភាពបែកភក់ រអិលពិបាកធ្វើដំណើរ និងរំខានដល់ការរស់នៅ ប្រកបអាជីវកម្មប្រចាំថ្ងៃ ក្នុងដូវរវស្សាភ្លៀកធ្លាក់នេះ ជាពិសេសនៅចំណុចចំណោតតាប៉ន ត្រង់គីឡូម៉ែតលេខ ១៤០ +៣០០-១៤០+៧០០ និងចំណុចបង្គោលអង់តែន៣ដើម ត្រង់គីឡូម៉ែត្រលេខ ១៣៧ -១៤០។
ក្រុមការងារការដ្ឋានតែងអន្តរាគមន៍បន្ទាន់ និងដោះស្រាយជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយពេលរអិលខ្លាំង៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT
- Share This Post: