ព័ត៌មានជាតិ

ធនាគារ អេស៊ីលីដា ណែនាំឲ្យប្រុងប្រយ័ត្នល្បិចឆបោកថ្មី តាមរយៈការប្រេីប្រាស់រន្ធសាកថ្មនៅតាមសាធារណៈ

BY
Liny Chan
July 10, 2024

ធនាគារ អេស៊ីលីដា នារសៀលថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០២៤ នេះ បានណែនាំឱ្យអតិថិជន និងសាធារណជនមានការប្រុងប្រយ័ត្នចំពោះការឆបោកថ្មីមួយ តាមរយៈការប្រើប្រាស់រន្ធសាកថ្ម USB នៅតាមកន្លែងសាធារណៈ ដែលអាចបង្កហានិភ័យដល់ឧបករណ៍ទូរសព្ទរបស់យើង ដោយគេអាចចម្លងមេរោគ ឬលួចយកទិន្នន័យពីឧបករណ៍ដែលបានដោតសាកថ្មនោះ។

បើតាមការចុះផ្សាយនៅលើគេហទំព័ររបស់ ធនាគារ អេស៊ីលីដា អំពីចំណេះដឹងសុវត្ថិភាពផ្ទាល់ខ្លួនស្តីពីការឆបោកតាមរយៈ USB PORT CHARGER (JUICE JACKING) បានបញ្ជាក់ថា Juice Jacking គឺជាបច្ចេកទេសនៃជនអនាមិកប្រើដើម្បីចូលមើល និងលួចទិន្នន័យពីឧបករណ៍ប្រើប្រាស់ដោយប្រើប្រាស់ប្រព័ន្ធសាកថ្មសាធារណៈ ឬគ្មានប្រភពច្បាស់លាស់។ ពេលអ្នកភ្ជាប់ទូរស័ព្ទឬឧបករណ៍ផ្សេងទៀតទៅនឹងកន្លែងសាកថ្មនៅទីសាធារណៈដូចជា អាកាសយានដ្ឋាន កន្លែងកំសាន្ត ឬផ្សារទំនើប។ អ្នកបន្លំអាចលួចទិន្នន័យសំខាន់ៗរបស់អ្នកដូចជាព័ត៌មានគណនីធនាគារ ឬដំឡើងមេរោគដើម្បីគ្រប់គ្រងឧបករណ៍របស់អ្នក។

ក្នុងនោះផងដែរ ធនាគារ អេស៊ីលីដា ក៏បានបង្ហាញគន្លឹះការពារខ្លួនពី JUICE JACKING៖

១. សាកថ្មពីព្រីភ្លើងផ្ទាល់ (Power Outlet)៖ តាមដែលអាចធ្វើទៅបាន សូមប្រើប្រាស់ព្រីភ្លើង (Power Outlet) ដើម្បីសាកថ្មឧបករណ៍ជំនួសឱ្យការប្រើប្រាស់ USB Port Charger តាមទីសាធារណៈ។

២.សាកថ្មដោយប្រើប្រាស់ឆ្នាំងសាកផ្ទាល់ខ្លួន៖ ប្រើប្រាស់ឆ្នាំងសាកផ្ទាល់ខ្លួនដោតសាកថ្មពីព្រី (Power Outlet) ដែលជាកន្លែងសាកថ្មអាចទុកចិត្តបានជាងប្រើប្រាស់ USB Port Charger ដែលមិនប្រាកដពីសុវត្ថិភាពនៅតាមទីសាធារណៈ។

៣.ប្រើប្រាស់ឧបករណ៍ទប់ស្កាត់ទិន្នន័យការបែកធ្លាយទិន្នន័យតាម USB ជាជំនួយ៖ ឧបករណ៍ទប់ស្កាត់ការបែកធ្លាយទិន្នន័យតាម USB គឺជាឧបករណ៍តូចៗដែលអនុញ្ញាត ឱ្យការសាកថ្មឧបករណ៍តាមរយៈ USB និងអាចការពារការលួចយកទិន្នន័យ។

៤.បិទការផ្ទេរទិន្នន័យ USB៖ ឧបករណ៍មួយចំនួនអនុញ្ញាតឱ្យបិទការផ្ទេរទិន្នន័យ USB នៅក្នុងការកំណត់ (Setting) ដែលអាចការពារទប់ស្កាត់ការចូលប្រើប្រាស់ទិន្នន័យដោយគ្មានការអនុញ្ញាតតាមរយៈ ការតភ្ជាប់ USB។

៥.ប្រុងប្រយ័ត្នចំពោះស្ថានីយសាកថ្មសាធារណៈ៖ ប្រសិនបើចាំបាច់ត្រូវប្រើប្រាស់ស្ថានីយសាកថ្មសាធារណៈ សូមពិនិត្យនិងជ្រើសរើសប្រើប្រាស់ស្ថានីយដែលអាចទុកចិត្តបាន។

៦.រក្សាឧបករណ៍ឱ្យទាន់សម័យជានិច្ច៖ ត្រូវប្រាកដថាប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីរបស់ឧបករណ៍មាន ភាពទាន់សម័យចុងក្រោយបង្អស់ (Latest Security Patches) ដើម្បីកាត់បន្ថយភាពងាយរងគ្រោះដែលអាចបង្ក ដោយអ្នកវាយប្រហារ។

៧.ប្រើប្រាស់ Power Banks ចល័តផ្ទាល់ខ្លួន៖ ការសាកថ្មឧបករណ៍ជាមួយ Power Bank ចល័តផ្ទាល់ខ្លួនជាជម្រើសដែលមានសុវត្ថិភាពជាងការសាកថ្មតាម USB នៅទីសាធារណៈ។

៨.ការ Encrypt ឧបករណ៍៖ ការ Encrypt ឧបករណ៍ អាចជួយរក្សាទិន្នន័យឱ្យមានសុវត្ថិភាព ទោះបីជាឧបករណ៍បាត់បង់ ឬត្រូវបានគេលួចក៏ដោយ។

៩.ការការពារដោយប្រើប្រាស់ពាក្យសម្ងាត់៖ ការប្រើប្រាស់ពាក្យសម្ងាត់ដែលមិនងាយស្រួលក្នុងការទាយផ្តល់នូវស្រទាប់សុវត្ថិភាពបន្ថែម និងធានាថាមានតែបុគ្គលដែលមានការអនុញ្ញាតប៉ុណ្ណោះដែលអាចចូលប្រើទិន្នន័យសំខាន់ៗបាន។

១០.ការកំណត់ការអនុញ្ញាតផ្សេងៗក្នុងកម្មវិធី (Permission Setting)៖ កំណត់ការអនុញ្ញាតផ្សេងៗទៅលើការប្រើប្រាស់កម្មវិធីនៅពេលមានតម្រូវការប្រើប្រាស់តែប៉ុណ្ណោះ ដូចជាការចាប់យកទីតាំងរបស់ទូរស័ព្ទ ឬមីក្រូហ្វូន។

១១.Backup ទិន្នន័យទុក៖ Backup ទិន្នន័យទុកជាប្រចាំដើម្បីជៀសវាងការបាត់បង់ទិន្នន័យអំឡុងពេលត្រូវបានគេលួច ឬបាត់បង់ឧបករណ៍។

១២.ប្រសិនបើសង្ស័យថាទូរស័ព្ទមានភាពមិនប្រក្រតីពេលកំពុងសាកថ្ម ត្រូវដកឧបករណ៍ចេញពីកន្លែងសាកថ្មឱ្យបានលឿន៕

ប្រភព៖ គេហទំព័រ acledabank.com

Share This Post: