សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋ ជូនដល់កូនប្រុសបង្កើតរបស់ លោកតា គង់ ណៃ បន្តវេនចាប៉ីពីឳពុក
យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តព្រៃវែង បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលយកសំណើកូនប្រុសរបស់លោកតា គង់ ណៃ ក្នុងការស្នើសុំចូលក្របខណ្ឌរដ្ឋ និងបន្តវេនចាប៉ីពីឳពុក។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី១១ ខែកក្កដានេះ សម្តេចធិបតី បានលើកឡើងថា «ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន។ ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ។ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ។ សូមជូនពរប្អូនប្រុស ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ»៕


