ព័ត៌មានជាតិ

ឯកឧត្ដម គួច ចំរើន លើកទឹកចិត្តដល់ប្រជាកសិករ ប្រើប្រាស់ថ្នាំកំចាត់សត្វល្អិតចង្រៃផ្សំពីរុក្ខជាតិ ជៀសវាងការប្រើប្រាស់ថ្នាំគីមី

BY
srey nuch
July 11, 2024

ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ សូមប្រើប្រាស់ថ្នាំកំចាត់សត្វល្អិតចង្រៃផ្សំពីរុក្ខជាតិ ជៀសវាងការប្រើប្រាស់ថ្នាំគីមី ដែលធ្វើឱ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ផ្ទាល់។ ឯកឧត្ដម គួច ចំរើន បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញបច្ចេកទេស និងអាជ្ញាធរស្រុកលើកដែក ចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងការបំផ្លាញដោយរុយស និងដង្កូវមូរស្លឹក របស់ប្រជាកសិករ នៅស្រុកលើកដែក នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមបន្តថា៖ បន្ទាប់ពីទទួលបានព័ត៌មានថា ស្រូវរបស់ប្រជាពលរដ្ឋនៅស្រុកលើកដែក មានការគំរាមកំហែងពីរុយស និងដង្កូវមូរស្លឹក ទើបអាជ្ញាធរខេត្តបានដឹកនាំមន្ត្រីជំនាញបច្ចេកទេស មកធ្វើការពន្យល់ណែនាំពីរបៀបនៃការកំចាត់ រុយស និងដង្កូវមូរស្លឹក ជៀសវាងប្រជាពលរដ្ឋប្រើប្រាស់ថ្នាំទៅតាមការស្មានរបស់ខ្លួន ដែលមិនត្រូវនឹងបច្ចេកទេស ហើយធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផ្ទាល់ ក៏ដូចជាអ្នកដែលទទួលបានផលយកទៅប្រើប្រាស់ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន សូមបន្តតាមដានយកចិត្តទុកដាក់ខ្ពស់ ចំពោះការគំរាមកំហែងដល់ស្រូវរបស់ប្រជាកសិករ ប្រសិនបើនៅតែបន្តគំរាមកំហែងពី រុយស និងដង្កូវមូលស្លឹក កាន់តែធ្ងន់ធ្ងរបន្ថែមទៀត សូមឱ្យអាជ្ញាធរ និងមន្ត្រីជំនាញទាំងអស់ត្រូវចាត់វិធានការឱ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាកុំឱ្យស្រូវរបស់ប្រជាពលរដ្ឋរងការខូចខាតឡើយ។

ឯកឧត្តមបន្ថែមថា៖ ការចុះមកពិនិត្យនៅពេលនេះ គឺដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីវិធីសាស្ត្រនៃការ ការពារ រុយស និងដង្កូវមូរស្លឹក កុំឱ្យមានការបំផ្លាញផលស្រូវរបស់ប្រជាពលរដ្ឋយើង ហើយថ្នាំដែលប្រើប្រាស់ទៅនេះគឺមិនបំផ្លាញសុខភាពយើង និងសុខភាពអ្នកដែលប្រើប្រាស់ភោគផលរបស់យើងទៅថ្ងៃអនាគតឡើយ។

លោក ចាប់ ចន្ទវិទ្យា អភិបាលស្រុកលើកដែកបានឱ្យដឹងថា៖ រុយស និងដង្កូវមូរស្លឹក បានធ្វើឱ្យប៉ះពាល់ ដំណាំស្រូវប្រមាណ ៣៤២ហិកតា តាមបណ្តាភូមិចំនួន ៤ភូមិ គឺ ភូមិថ្មី ភូមិព្រែកតាទួន ភូមិពាមរាំងលេី និង ភូមិ ពាមរាំងក្រោម។ ជាមួយគ្នានេះ ក្រុមការងារជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល និងអាជ្ញាធរស្រុក បានចុះពិនិត្យ និងបានផ្តល់ថ្នាំ កំចាត់សត្វល្អិតផ្សំពីរុក្ខជាតិចំនួន៣៩០លីត្រ។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានឱ្យដឹងដែរថា៖ ស្រែមួយចំនួន ស្រូវឡើងពណ៌ក្រហមព្រឿងៗ ខ្លះស្លោកចុង ជាពិសេសស្រែ ដែលសាបព្រួសពូជច្រើនពេក (៣៥០-៤០០kg/ha) និងប្រើប្រាស់ថ្នាំកសិកម្មបាញ់ការពារជាប្រចាំ។ ចំពោះមានវត្តមាន រុយស និងដង្កូវមូរស្លឹក តាមបបណ្តាស្រែមួយចំនួនមន្ត្រី ជំនាញ សូមផ្តល់ការណែនាំបច្ចេកទេស រួមមាន៖ ប្រើពូជស្រូវត្រឹមតែ ១២០ -១៥០kg/ha, ចុះពិនិតស្រែជាប្រចាំ, បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម, កុំប្រើជី UREA ច្រើនពេក, សូមប្រើប្រាស់ថ្មាំកំចាត់សត្វល្អិតចង្រៃផ្សំពីរុក្ខជាតិ។

លោកប្រធានមន្ទីរបន្ថែមថា៖ ស្រែដែលរងការបំផ្លាញ មានកំរិតស្រាល មមិនទាន់មានរងការខូចខាតធ្ងន់ធ្ងរនៅឡើយទេ មន្ត្រីជំនាញ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កំពុងតែចាត់វិធានការ បង្ការ និងកំចាត់ ចៀសវាងការខូចខាត ឬ រីករាលដាលបន្តទៀត ៕

ប្រភព​៖ រដ្ឋបាលខេត្តកណ្តាល

Share This Post: