ព័ត៌មានជាតិ

រយៈពេល៦ខែដើមឆ្នាំ២០២៤នេះ ករណី«បុកមនុស្សឱ្យបាត់បង់ជីវិត បង់លុយ ហើយរួចខ្លួន» លែងមានទៀតហើយ

BY
Khmernote Media
July 12, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២៤នេះ ករណី «បុកមនុស្សឱ្យបាត់បង់ជីវិត បង់លុយ ហើយរួចខ្លួន» លែងមានទៀតហើយ។

ប្រភពខាងលើបានបន្តថា សំណុំរឿងចរាចរណ៍សរុបទូទាំងប្រទេសចំនួន ៣៤៦០ ដែលរួមមានទាំងសំណុំរឿងចាស់ មុនពេលប្រកាសបើកយុទ្ធនាការជំរុញ និងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងសំណុំរឿងថ្មីក្រោយពេលប្រកាសបើកយុទ្ធនាការ ត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់ចំនួន ២៤៣៨ ស្មើនឹង ៧០% នៃសំណុំរឿងសរុប។

ចំពោះ សំណុំរឿងចរាចរណ៍ ដែលមានមុនពេលប្រកាសបើកយុទ្ធនាការចំនួន ១០៤១, តុលាការបាន ដោះស្រាយចំនួន ៨៩៣ ស្មើនឹង ៨៦% ហើយនៅសល់តែ ១៤៨ តែប៉ុណ្ណោះ ដែលកិច្ចប្រជុំនៃ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានឯកភាពគ្នា ដាក់ចេញនូវទិសដៅក្នុងការខិតខំដោះស្រាយឱ្យ បានចប់សព្វគ្រប់នូវសំណុំរឿងចរាចរណ៍ចាស់នៅសល់ ១៤៨ ករណីនេះ នៅត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលរយៈពេល ៦ខែ នៃយុទ្ធនាការជំរុញ និងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នាថ្ងៃទី១១ ខែកក្កដានេះ ក្រសួងយុត្តិធម៌ បានឱ្យដឹងថា អ្នកបើកបរដែលមានកំហុសទៅនឹងច្បាប់ចរាចរណ៍ និង បានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យ អ្នកដទៃបាត់បង់ជីវិត គឺត្រូវតែទទួលខុសត្រូវតាមច្បាប់ដោយម៉ឺងម៉ាត់ និងដោយត្រឹមត្រូវតាមច្បាប់ ហើយ ពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” គឺលែងមានទៀតហើយ នៅក្នុងក្របខណ្ឌនៃការកែទម្រង់នេះ

ជាមួយគ្នានោះ ក្នុងសំណុំរឿង ចរាចរណ៍ ក៏ដូចជានៅក្នុងសំណុំរឿងផ្សេងទៀតដែរ,«ខុស ឬ ត្រូវ គឺអាស្រ័យទៅលើ អង្គហេតុ អង្គច្បាប់ និងភស្តុតាង»។ រីឯការដោះស្រាយសំណងជូនដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័ស។ ខណៈដែរ ចំណាត់ការផ្លូវច្បាប់ ទៅលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបានធ្វើឡើងដោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ស្របតាមនីតិវិធីច្បាប់ជាធរមាន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: