ក្រសួងទេសចរណ៍ យកPub Street បង្កើតព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរឡើងវិញ
- July 12, 2024
ខេត្តសៀមរាប៖ យោងតាមកាចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដាស្អែកនេះ ម៉ូតូម៉ាក Harley Royal Enfield BMW និងម៉ាកម៉ូតូធំប្រភេទផ្សេងទៀត សរុបប្រមាណ១៥០គ្រឿង នឹងបង្ហាញខ្លួននៅ Pub street រួមជាមួយការប្រគុំតន្ត្រីនៅពេលរាត្រីដែលមានវត្តមានតារាចម្រៀងល្បីៗ។

ការរៀបចំព្រឹត្តិការណ៍ “Big Bike meeting Elite Night” នេះឡើង ក្នុងគោលបំណងចូលរួមចំណែកក្នុង ការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប តាមរយៈវិស័យកីឡាម៉ូតូធំ ដែលជាផលិតផលទេសចរណ៍មួយ ពេញនិយម ស្របពេលដែល ក្រសួងទេសចរណ៍ខិតខំប្រឹងប្រែងជម្រុញ និងបង្កើនភាពទាក់ទាញទេសចរ ជាតិ និងអន្តរជាតិ គ្រប់មធ្យោបាយ។ ស្របតាមផែនការមេ “អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥”។
នេះបើយោងតាម ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការនិងជាអ្នករៀបចំព្រឹត្តការណ៍“Big Bike meeting Elite Night” បានប្រាប់ក្រុមការងារផ្សព្វផ្សាយព័ត៌មាន ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ១២ ខែកក្កដានេះថា ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ប្រកបដោយភាពច្នៃប្រឌិត បទពិសោធន៍ថ្មីៗ និងផ្តល់នូវការចងចាំដល់ភ្ញៀវទេសចរមកកម្សាន្តនៅPub streetសំដៅស្តារឡើងវិញ
ភ្លៀវទេសចរមកលេងខេត្តសៀមរាបនៅរដូវភ្លៀងនេះ ព្រមទាំងអនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ជម្រុញរៀបចំព្រឹត្តិការណ៍នានា និងគាំទ្រយុទ្ធនាការ “ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤”។
ទន្ទឹមនិងនេះកម្មវិធីខាងលើបានរៀបចំ ការប្រគំតន្ត្រីដែលមានការចូលរួមពី តារាចម្រៀង តារាសម្ដែងល្បីៗ បវរកញ្ញា ឌីជេ ដែលកម្មវិធីនេះចាប់ផ្ដើមចាប់ពីម៉ោង 4:00 រហូតដល់ម៉ោង 1:00 យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។
គូសបញ្ជាក់ផងដែរថាសម្រាប់ព្រឹត្តិការណ៍ “Big Bike meeting Elite Night” មានការចូលរួមពីបងប្អូនដែលស្រឡាញ់វិស័យម៉ូតូធំដែលក្នុងនេះរួមមាន៖ ម៉ូតូម៉ាក Harley Royal Enfield BMW និងម៉ាកម៉ូតូធំជាច្រើនទៀតសរុបប្រមាណ១៥០គ្រឿង ហើយម៉ូតូធំទាំងនេះសុទ្ធតែជាម៉ូតូក្នុងស្រុករបស់យើង ដែលនឹងមកជួបជុំគ្នានៅក្នុងបរិវេណ Pubstreet កន្លែងដែលពេញនិយមរបស់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តសៀមរាប។តាមរយៈការបង្ហាញអំពីតំបន់ដែលមានសក្ដានុពលនៅក្នុងខេត្តសៀមរាប និងម្ហូបអាហារតាមតំបន់ដ៏សម្បូរបែប ។ឯកឧត្តមបានបន្ថែមថាសម្រាប់ព្រឹត្តិការណ៍ខាងលើនេះ យើងរំពឹងថា នឹងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង5,000 នាក់ ដែលនឹងចូលរួមទស្សនានិងអបអរសាទរ ព្រឹត្តិការណ៍ “Big Bike meeting Elite Night”នេះ។
វិស័យទេសចរណ៍ មានតួនាទីសំខាន់ណាស់នៅក្នុងការជួយបង្កើតការងារដល់ប្រជាពលរដ្ឋក៏ដូចជាបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមនេះខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរពាក់ព័ន្ធ និងវិស័យទេសចរណ៍ ចូលរួមអនុវត្តរៀបចំសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ និងជំរុញលើកស្ទួយដល់វិស័យទេសចរណ៍ តាមរយៈផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេស អោយកាន់តែទូលំទូលាយតាមលទ្ធភាពដែលអាចទៅធ្វើបាន៕



ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






