ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! កីឡាការិនីកម្ពុជា ខៀវ ចិន្តារ័ត្ន ឈ្នះមេដាយមាសទី១ជូនជាតិ ពីការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី

    BY Khmernote Media July 13, 2024
    អបអរសាទរ! កីឡាការិនីកម្ពុជា ខៀវ ចិន្តារ័ត្ន ឈ្នះមេដាយមាសទី១ជូនជាតិ ពីការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនីម្ចាស់ផ្ទះកម្ពុជា ខៀវ ចិន្ដារ័ត្ន បានឈ្នះមេដាយមាសទី១ជូនជាតិ បន្ទាប់ពីប្រកួតឈ្នះដោយពិន្ទុលើកីឡាការិនីឥណ្ឌូណេស៊ី Puspitasari Nurdiana លើវិញ្ញាសាប្រពៃណីក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី (AMMA) លើកទី២ ឆ្នាំ២០២៤ នៅវិមានកីឡដ្ឋានជាតិ។

    នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កីឡាការិនីម្ចាស់មេដាយមាសទី១របស់កម្ពុជារូបនេះបានបង្ហាញក្តីរំភើបរីករាយជាខ្លាំង ដោយនិយាយទាំងទឹកភ្នែក។ ខៀវ ចិន្ដារ័ត្ន និយាយបែបនេះថា ៖«ខ្ញុំពិតជារំភើបណាស់ មិននឹកស្មានថា ខ្ញុំអាចធ្វើបាន។ ខ្ញុំអរគុណលោកគ្រូខ្លាំងណាស់ ដែលបានផ្តល់ឱកាសដល់ខ្ញុំ។ គេប្រាប់ខ្ញុំថា ខ្ញុំចាស់ហើយ ខ្ញុំតូចណាស់ មិនអាចវ៉ៃប្រភេទទម្ងន់ ៤៩គីឡូក្រាមនេះបានទេ ដោយសារខ្ញុំមានទម្ងន់ត្រឹម ៤៣,៥ គីឡូក្រាមប៉ុណ្ណោះ។ រីឯកីឡការិនីឥណ្ឌូណេស៊ី Puspitasari Nurdiana ទម្ងន់ ៤៨,៨គីឡូក្រាមឯណោះ។ ប៉ុន្តែមានការជំរុញទឹកចិត្តពីលោកគ្រូ ក្រុមគ្រួសារ និងថ្នាក់ដឹកនាំ ដែលធ្វើឱ្យខ្ញុំធ្វើសម្រេចបានក្តីប្រាថ្នា ឈ្នះមេដាយមាស១គ្រឿងជូនជាតិ»

    ក្នុងការប្រកួតនៅក្នុងថ្ងៃទីពីរ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ កីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជាក៏ដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធមួយចំនួនទៀតផងដែរ ដូចជាកីឡាការិនី គន្ធ វណ្ណនីតា ទទួលបានមេដាយប្រាក់ ក្រោយចាញ់កីឡាការិនីម៉ាឡេស៊ី Sze Teng Pang វិញ្ញាសាប្រពៃណីផ្នែកនារី ទម្ងន់ក្រោម៦៩គីឡូក្រាម។ កីឡាករ ផេង សុបញ្ញា (គោរមៈ ចន្ទរាជ) ទទួលបានមេដាយសំរឹទ្ធ ក្រោយចាញ់ពិន្ទុកីឡាករហ្វីលីពីន Rene Catalan ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វិញ្ញាសាបុរាណ ទម្ងន់-៥៤គីឡូក្រាម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: