ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកឱ្យចេញនេសាទ និងដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះនានា ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែកក្កដា

    BY Khmernote Media July 13, 2024
    រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកឱ្យចេញនេសាទ និងដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះនានា ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែកក្កដា

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដី ជូនដំណឹងដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះឱ្យបានជ្រាបថា៖


    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា «មានសម្ពាធទាប គ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង» ស្ថានភាពបែបនេះនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងនៅលើសមុទ្រ នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ រលកសមុទ្រកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,៥០ម៉ែត្រ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤

    ក្នុងន័យនេះ ដើម្បីធានានូវសុវត្ថិភាពខ្ពស់ ពីគ្រោះថ្នាក់ និងហានិភ័យនានា ដែលអាចបង្កឡើងដោយ កត្តាគ្រោះធម្មជាតិខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះ ដូចខាងក្រោម៖

    -ត្រូវផ្អាកជាបណ្តោះអាសន្នក្នុងការចេញនេសាទនៅលើផ្ទៃសមុទ្រ និងការដឹកជញ្ជូនភ្ញៀវទេសចរ ទៅតាមបណ្តាកោះនានា ដោយត្រូវរង់ចាំអាកាសធាតុបានធូរស្រាល ទើបអនុញ្ញាតឱ្យចេញនេសាទ និងមានការដឹកជញ្ជូនភ្ញៀវទេសចរជាធម្មតាឡើងវិញ។

    -ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្នក្នុងការលេងទឹកកំសាន្តតាមឆ្នេរសមុទ្រដែលមានរលកខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះ ជ្រាបជាព័ត៌មាន និង យកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាព។

    ទទួលបានសេចក្តីជូនដំណឹងនេះ កងកម្លាំងមានសមត្ថកិច្ច ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរ មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងត្រូវត្រៀមមធ្យោបាយ សម្ភារ និងកម្លាំង ដើម្បីចេញអន្តរាគមន៍បានទាន់ពេលវេលា ៕

    ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    Share This Post: