ក្រសួងធម្មការ បញ្ជាក់ថា មិនមានការបិទដង្ហែទីងមោង សម្រាប់រៃអង្គាសបច្ច័យនៅក្នុងរដូវកាលបុណ្យចូលព្រះវស្សាឡើយ
- July 15, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា ដោយបញ្ជាក់ថាមិនមានការបិទការដង្ហែទីងមោងសម្រាប់រៃអង្គាសបច្ច័យនៅក្នុងរដូវកាលបុណ្យចូលព្រះវស្សាឡើយ។

ក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា សូមបដិសេធព័ត៌មាននេះ និងសូមបញ្ជាក់ជូន សាធារណជនមេត្តាជ្រាបថា គ្មានការហាមប្រាមការដង្ហែទីងមោង ដែលជាប្រពៃណីរបស់ប្រជាជនឬពុទ្ធសាសនិក កម្ពុជាដូចការចុះផ្សាយនោះទេ។ ការដង្ហែទីងមោងត្រូវធ្វើឱ្យមានសណ្តាប់ធ្នាប់និងរបៀបរៀបរយ ពោលគឺ ការរចនាទីងមោងត្រូវធ្វើតាមរចនាប័ទ្មខ្មែរ ដើម្បីរក្សាគុណតម្លៃសិល្បៈវប្បធម៌របស់ខ្មែរយើង ព្រោះថា នៅតាមតំបន់ឬនិគមមួយចំនួន ការរចនារូបទីងមោងបានប្រាសចាកពីទម្រង់និងរចនាប័ទ្មរបស់ខ្មែរ ដោយអ្នកខ្លះរចនា ជារូបក្មេងទំនើង រូបមនុស្សកាន់កំប៉ុងស្រាបៀរ រូបអាសអាភាស ឬប្រើប្រាស់ឧបករណ៍ភ្លេងមិនសមស្រប ជាដើម។ មិនតែប៉ុណ្ណោះ នៅតាមតំបន់មួយចំនួនទៀត គេបានប្រែក្លាយការដង្ហែទីងមោង ទៅជាចាក់ធុងបាស់ ទៅវិញ។
ដោយមានការយល់ច្រឡំនិងទទួលព័ត៌មានមិនច្បាស់លាស់ សារព័ត៌មានឬបណ្តាញសង្គមមួយចំនួន បានយករឿងនេះទៅផ្សព្វផ្សាយ ដោយប្រាសចាកពីខ្លឹមសារដើម ដែលធ្វើឱ្យសាធារណមតិមួយចំនួនមានការ យល់ច្រឡំ៕

ប្រភព៖ ក្រសួងធម្មការនិងសាសនា
- Share This Post:






