ព័ត៌មានជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ បំភ្លឺជុំវិញការបង្ហោះព័ត៌មាន និងរូបភាពមន្រ្តីជាប់កិច្ចសន្យាកាក់ហៅម៉ូតូរ៉ឺម៉កដឹកម៉ូតូ នៅស្ពានអាកាសស្ទឹងមានជ័យ

BY
Khmernote Media
July 17, 2024

រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី១៦ ខែកក្កដាម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង៩៖៤០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅគោលដៅខាងក្រោមគល់ស្ពានអាកាសស្ទឹងមានជ័យ មន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសហការជាមួយមន្រ្តីជាប់កិច្ចសន្យា បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយក៏មានការថតរូបភាពវីដេអូសកម្មភាពមន្រ្តីកិច្ចសន្យាបានកាក់ហៅម៉ូតូរ៉ឺម៉ក០១គ្រឿង បានដឹកម៉ូតូចំនួន០៥គ្រឿងនៅលើរ៉ឺម៉ក និងយករូបភាពនេះបង្ហោះស៊ែចែកចាយតគ្នានៅលើបណ្តាញសង្គម និងសរសេរខ្លឹមសារថា តើមន្រ្តីជាប់កិច្ចសន្យាមានសិទ្ធឃាត់យានយន្តប្រជាពលរដ្ឋបានដែររឺទេ?។

ក្រោយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គមនោះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ សរុប០៤នាក់ ឈរជើងគោលដៅខាងលើឲ្យចូលមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

មន្រ្តីទាំងនេះបានបំភ្លឺឲ្យដឹងថាម៉ូតូរ៉ឺម៉កបានដឹកសំពីងសំពោង និងគ្មានបំពាក់ស្លាកលេខត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍និងល្មើសការហាមឃាត់ដោយមិនអនុញ្ញាតឲ្យម៉ូតូរ៉ឺម៉កដឹកសំពីងសំពោងចូលក្នុងក្រុងខុសពេលវេលានោះទេ ខណៈដែលម៉ូតូរ៉ឺម៉កនោះធ្វើដំណើរឆ្លងកាត់នៅគោលដៅខាងលើមន្រ្តីនគរបាលចរាចរណ៍ឈរនៅខាងមុខបានកាក់ហៅឲ្យម៉ូតូរ៉ឺម៉កនោះឱ្យឈប់ ប៉ុន្តែអ្នកបើកម៉ូតូរ៉ឺម៉កបើកបរក្នុងស្ថានភាពលឿននឹងបានជ្រុលមកដល់ចំណុចឈរជើងមន្រ្តីជាប់កិច្ចសន្យាទើបមន្រ្តីកិច្ចសន្យាកាក់ហៅឲ្យឈប់ ហើយមន្រ្តីនគរបាលចរាចរណ៍បានធ្វើការអប់រំណែនាំគាត់ បន្ទាប់មកបានអនុញ្ញាតឲ្យគាត់បន្តដំណើរទៅមុខ ដោយមិនបានផាកពិន័យអ្នកបើកម៉ូតូរ៉ឺម៉កនោះទេ

គួរបញ្ជាក់ថា កាលពីកន្លងទៅនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់តាមសារព័ត៌មានទូរទស្សន៍បាយ័ន BTV អំពីតួនាទីភារកិច្ចរបស់មន្រ្តីជាប់កិច្ចសន្យារួចមកហើយ។

ទី១.គាត់មានសិទ្ធស្លៀកពាក់ឯកសណ្ឋានមន្រ្តីជាប់កិច្ចសន្យា សហការជាមួយមន្រ្តីនគរបាលចរាចរណ៍សម្រួលដោះស្រាយការកកស្ទះចរាចរណ៍
ទី២.គាត់គ្មានសិទ្ធពាក់ឯកសណ្ឋានមន្រ្តីនគរបាលចរាចរណ៍ និងប្រើប្រាស់អាវុធជាតិផ្ទុះនោះទេ
ទី៣.គ្មានសិទ្ធអង្គុយសរសេរវិក័យប័ត្រផាកពិន័យចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក
ទី៤.គ្មានសិទ្ធបង្កើតក្រុមរបស់ពួកគាត់ទៅលួចឈរជើងគោលដៅណាមួយដោយគ្មានការដឹកនាំបញ្ជាពីមន្រ្តីនគរបាលចរាចរណ៍
ទី៥.គាត់ជាជំនួយការរបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកដឹកនាំដោយមន្រ្តី នគរបាលចរាចរណ៍
និងទី៦.គាត់មានសិទ្ធចាប់ឃាត់រាល់បទល្មើសជាក់ស្តែងនៅលើដងផ្លូវរួមទាំងបទល្មើសព្រហ្មទណ្ឌផងដែរ

សូមបញ្ជាក់ថាអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតែបន្តពង្រឹងវិន័យចំពោះមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ចុះបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បើក្នុងករណីធ្វើសកម្មភាពល្មើសវិន័យកងកម្លាំងនគរបាលជាតិ អនុវត្តផ្ទុយពីបទបញ្ជាថ្នាក់លើ និងអនុវត្តខុសគោលការណ៍ច្បាប់បង្កប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋនឹងត្រូវយកមកដាក់ពិន័យទៅតាមទោសកំហុសដែលបានប្រព្រឹត្ត៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: