ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែកក្កដា កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះត្រូពិកឈ្មោះ«ទ្រី» ដែលធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
- July 17, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

ក្រសួងធនធានទឹក បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាបមួយដែលកំពុងកើតមានឡើងនៅសមុទ្រចិនខាងត្បូង បាននិងវិវត្តទៅជាព្យុះត្រូពិក ឈ្មោះទ្រី (Tropical Depression THREE) នឹងរំកិលទៅកាន់ភាគកណ្តាលនៃអាងទន្លេមេគង្គដែលនឹងបណ្តាលឱ្យសម្ពាធទាបនិងរបបខ្យល់មូសុងនិរតីចាប់ផ្តើមបង្កើនឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៧,៥០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៤៥%។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ១១,៥០ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០%។
៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C ។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿនមធ្យម ១០,៥០ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥៧%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology
- Share This Post:






