ព័ត៌មានជាតិ

ក្រសួងមហាផៃ្ទ ស្នើឱ្យអភិបាលរាជធានី-ខេត្ត ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះមន្ត្រីក្រោមឱវាទដែលបានប្រព្រឹត្តកំហុសឆ្គង

BY
Khmernote Media
July 17, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ក្រសួងមហាផៃ្ទ បានស្នើឱ្យអភិបាលរាជធានី-ខេត្ត ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះមន្ត្រីក្រោមឱវាទដែលបានប្រព្រឹត្តកំហុសឆ្គង។

កន្លងមករដ្ឋបាលឃុំ សង្កាត់បានខិតខំយកចិត្តទុកដាក់អនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងទទួលបានលទ្ធផលល្អប្រសើរ ដោយមានការគាំទ្រពីទីចាត់ការផែនការនិងវិនិយោគរាជធានី ខេត្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែទន្ទឹមនឹង កិច្ចខិតខំប្រឹងប្រែងនេះ ក្រសួងមហាផ្ទៃបានពិនិត្យ និងសង្កេតឃើញថា មានភាពមិនប្រក្រតីកំពុងកើតមានឡើង គួរឱ្យកត់សម្គាល់ពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដែលបណ្តាលមកពីការមិនយកចិត្ត ទុកដាក់ និងភាពទន់ខ្សោយនៃការគ្រប់គ្រង ចាត់ចែងក្នុងកិច្ចដំណើរការអនុវត្តគម្រោងមិនបានត្រឹមត្រូវតាម គោលការណ៍ណែនាំ បែបបទ និងនីតិវិធីនានាដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាក់ស្តែង មានអ្នកទទួលការមួយចំនួនបានដាក់ពាក្យបណ្តឹង ឬពាក្យស្នើសុំជួយអន្តរាគមន៍ជាលាយលក្ខណ៍ អក្សរ ឬប្តឹងតាមប្រព័ន្ធតេឡេក្រាម ឬតាមរយៈទូរសព្ទជាញឹកញាប់មកក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងមន្ត្រីនៃ ទីចាត់ការផែនការនិងវិនិយោគរាជធានី ខេត្តមួយចំនួន ដើម្បីជួយធ្វើអន្តរាគមន៍លើការងារពាក់ព័ន្ធនឹង ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងនោះរួមមាន ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការប្រចាំឆ្នាំមិនមាន តម្លាភាព ការដេញថ្លៃមិនបានប្រកាសជូនដំណឹងជាសាធារណៈ ការចុះអនុវត្តគម្រោងមុនការដេញថ្លៃ ការពន្យារពេលដេញថ្លៃដោយមិនបានកំណត់នូវកាលបរិច្ឆេទនិងពេលវេលាច្បាស់លាស់នៃការដេញថ្លៃបន្ទាប់ និងការអនុវត្តគម្រោងរបស់អ្នកទទួលការមិនស្របតាមបទដ្ឋានបច្ចេកទេសជាដើម។ លើសពីនេះ ស្ថានីយ៍ ទូរទស្សន៍ គេហទំព័រ កាសែត និងបណ្តាញសង្គមជាច្រើន ក៏បានចុះផ្សាយជាបន្តបន្ទាប់អំពីភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងភាពរញ៉េរញ៉ៃ ច្រងេងច្រងាង គ្មានសណ្តាប់ធ្នាប់នៅក្នុងកិច្ចប្រជុំ បើកសំណើដេញថ្លៃនៅក្នុងរដ្ឋបាលឃុំជាច្រើនផងដែរ។

ផ្អែកលើមូលដ្ឋានដូចបានជម្រាបជូនខាងលើ ដើម្បីជៀសវាងនូវបាតុភាពអវិជ្ជមានទាំងឡាយដែលបណ្តាលមកពីការខ្វះចន្លោះក្នុងការអនុវត្តច្បាប់ គោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេស ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការចាត់ចែងក្នុងកិច្ចដំណើរការអនុវត្តគម្រោងមូលនិធិ ឃុំ សង្កាត់ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន ព្រមទាំង ពង្រឹងការប្រើប្រាស់មូលនិធិឃុំ សង្កាត់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រសួងមហាផៃ្ទ សូមធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្ត ទុកដាក់អនុវត្ត និងធ្វើការណែនាំដល់ទីចាត់ការផែនការវិនិយោគនិងរដ្ឋបាលឃុំ សង្កាត់ឱ្យអនុវត្តនូវការងារ ចាំបាច់មួយចំនួន ដូចសេចក្ដីប្រកាសខាងក្រោម៖

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: