ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តត្បូងឃ្មុំ ប្រកាសរៀបចំប្រគុំតន្ត្រីខ្នាតធំ និងបាញ់កាំជ្រួច អបអរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ

    BY Khmernote Media July 18, 2024
    អភិបាលខេត្តត្បូងឃ្មុំ ប្រកាសរៀបចំប្រគុំតន្ត្រីខ្នាតធំ និងបាញ់កាំជ្រួច អបអរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ប្រកាសថានឹងឲ្យមានការទូងស្គរ វាយគង វាយឃ្មួស នៅទូទាំងខេត្ត ពិសេសរៀបចំឲ្យមានប្រគុំតន្ត្រីខ្នាតធំ និងបាញ់កាំជ្រួចចម្រុះពណ៌ភ្លឺផ្លេកពាសពេញផ្ទៃមេឃ នៅទីរួមខេត្តត្បូងឃ្មុំ ដើម្បីធ្វើការអបអរសាទរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក៏ដូចជាដើម្បីពលរដ្ឋជួបជុំសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព។

    ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍លើកឡើងឲ្យដឹងបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ចូលរួមជាអធិបតីភាព នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំ គ សាលាខេត្ត។

    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តលើកឡើងនៅប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយរដ្ឋបាលខេត្តតត្បូងឃ្មុំទាំងមូល គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងជីកព្រែកជីកហ្វូណនតេជោ ហើយសូមស្នើឱ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គាំទ្រលើគម្រោងព្រែកជីហ្វូណនតេជោនេះ។

    ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត គូសបញ្ជាក់បន្ថែមថា ព្រែកជីកហ្វូណនតេជោនេះ គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈផ្លូវទឹកដោយខ្លួនឯងលើកដំបូងបង្អស់ ហើយវាក៏ធ្វើឱ្យមានភាពរីកចម្រើនទាំងផ្នែកការទូតទំនាក់ទំនងទីផ្សារសេដ្ឋកិច្ចកម្ពុជាផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: