ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជីវិតថ្លៃណាស់! មនុស្ស ២នាក់ ដែលបាត់ខ្លួនដោយសារជួបព្យុះលិចទូកនេសាទ ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ

    BY Khmernote Media July 19, 2024
    ជីវិតថ្លៃណាស់! មនុស្ស ២នាក់ ដែលបាត់ខ្លួនដោយសារជួបព្យុះលិចទូកនេសាទ ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែកក្កដាម្សិលមិញនេះ វេលាម៉ោងជាង៨យប់ មនុស្ស ២នាក់ ក្នុងនោះមានម្ចាស់ទូកម្នាក់ និងកូនដៃទូកម្នាក់ជាជនជាតិខ្មែរ ដែលលិចទូកនេសាទមួយគ្រឿងកណ្តាលសមុទ្រ ម្តុំខាងជើងកោះថាស បន្ទាប់មកត្រូវបានក្រុមការងារអូបរ័ល្បឿនលឿន អ្នកឧកញ៉ា ទៀ វិចិត្រ ចេញទៅស្វែងរកនិងបានជួយសង្គ្រោះស្រង់រួចផុតពីគ្រោះថ្នាក់។

    តាមការបញ្ជាក់ពីជនរងគ្រោះបានឱ្យដឹងថា ទូកបានលិចពេលមានភ្លៀង ខ្យល់និងរលកខ្លាំង និងថាក្រោយទូកលិច ជនរងគ្រោះទាំង២នាក់ តោងប៊ីដុងហែលបណ្តែតទឹកសមុទ្រប្រហែលជិតមួយម៉ោង ហើយជាសំណាងល្អ បុណ្យល្អ ក៏បានក្រុមការងារសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ចេញមកជួយសង្គ្រោះ ក្នុងពេលដែលនៅលើសមុទ្រកំពុងមានភ្លៀងផង ខ្យល់និងរលកធំៗផង។

    ជនរងគ្រោះទាំង២ បាននាំយកមកដីគោកកំពង់ផែទេសចរណ៍ ក្នុងនោះទាំងជនរងគ្រោះនិងក្រុមគ្រួសារបានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ាទៀ វិចិត្រនិងក្រុមការងារដែលបានជួយសង្គ្រោះ។

    ជនរងគ្រោះទាំង២ នាក់មានឈ្មោះ៖
    ១-ឈ្មោះ ឃឹម ហូវ ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទូក ។
    ២-ឈ្មោះ ផេន វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកូនដៃទូក ។
    អ្នកទាំង ២ ស្នាក់នៅទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ៕

    ប្រភព៖ លោក Huy Bunleng News

    Share This Post: