ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ កោតសរសើរចំពោះការលះបង់ របស់កម្លាំងចម្រុះ ក្នុងបុព្វហេតុរុករកឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទងក្នុងឃុំថ្ម ស្រុកវាលវែង

BY
Khmernote Media
July 22, 2024

ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅថ្ងៃទី ២២ ខែកក្កដានេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ល្អដែលបានលះបង់ក្នុងបុព្វហេតុរុករកឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទងក្នុងឃុំថ្ម ស្រុកវាលវែង របស់កម្លាំងចម្រុះរបស់គណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត ក្នុងគោលបំណងតែមួយគត់គឺជួយសង្គ្រោះអាយុជីវិតធនធានដ៏ល្អរបស់ជាតិពីររូបដែលបានបាត់អត្តសញ្ញាណ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤កន្លងមកនេះ។

គួររំលឹកថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ ខែកក្កដា គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផល្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក។ តាមរយៈ លិខិត ស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ ដែលបានចែកចាយជាសាធារណៈ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ត្រូវមានជើងហោះហើរ ពីភ្នំពេញ-ថ្មដារ-ពោធិ៍សាតិ – ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២ ខែកក្កដា និងត្រូវវិលត្រឡប់មកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។

សូមជម្រាបជូនថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែកក្កដានេះ មិនទាន់មានតម្រុយណាមួយថា រកឃើញឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងនៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ជាពិសេសយោធភូមិភាគទី៥ នៅតែបន្តផែនការយុទ្ធសាស្រ្តក្នុងការរុករកឱ្យអស់ពីលទ្ធភាពទោះបីជាអាកាសធាតុតំបន់នោះ បាននឹងកំពុងបង្កការលំបាកយ៉ាងណាក៏ដោយ ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

Share This Post: