ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រគំតន្ត្រីនៅក្នុងបរិវេណកោះពេជ្រ ដើម្បីអបអរសាទរ បើកការដ្ឋានព្រែកជីកហ្វូណនតេជោ

BY
Khmernote Media
July 22, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដី អំពាវនាវក្នុងឱកាសប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវការ “ព្រែកជីកហ្វូណនតេជោ” ខាងមុខនេះ ដោយសហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍បាយ័ន នឹងរៀបចំការប្រគំតន្ត្រីនៅក្នុងបរិវេណកោះពេជ្រ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៦៖០០នាទី ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូប ព្រមជាមួយការរៀបចំកម្មវិធីអុជកាំជ្រួចអបអរសាទរផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សិល្បករ-សិល្បការិនី សូមអញ្ជើញចូលរួមសម្ដែង និងបញ្ចេញទេពកោសល្យដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយក្រោមម្លប់សន្តិភាពដ៏សែនត្រជាក់ត្រជុំរបស់យើងទាំងអស់គ្នា ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បើកការដ្ឋានឱ្យបានអធិកអធម និងបង្ហាញពីសក្ខីភាពគាំទ្រសាទរ ជាពិសេសសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អគ្គមគ្គុទេសក៍បិតាស្ថាបនិកសន្តិភាពកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការសាងសង់ “ព្រែកជីកហ្វូណនតេជោ” ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា និងបន្តពូនជ្រំអនុវត្តយ៉ាងសស្រាក់សស្រាំឱ្យចេញជាសមិទ្ធផលពិតប្រាកដ ទុកជាកេរមរតកដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមយ៉ាងមុតមាំថា សិល្បករ-សិល្បការិនីនឹងចូលរួមការប្រគំតន្ត្រីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឱ្យកាន់តែមហោឡារិក និងប្រកបដោយមោទនភាពជាតិចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី ដែលកើតចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាល៕

ប្រភព​៖ រដ្ឋបាលរាជធានីភ្នំពេញ

Share This Post: