រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ មន្ត្រីនគរបាលចរាចរណ៍ ហាមហៅ ហាមត្រួតពិនិត្យបើគ្មានបទល្មើស និងត្រូវស្គាល់តួនាទីភារកិច្ចតាមច្បាប់
- July 23, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា មន្ត្រីនគរបាលចរាចរណ៍ ហាមហៅ ហាមត្រួតពិនិត្យបើគ្មានបទល្មើស ដើម្បីកុំឱ្យរំខានដល់អ្នកធ្វើដំណើរ និងត្រូវស្គាល់តួនាទីភារកិច្ចតាមច្បាប់។ ឯកឧត្តមអភិសន្ដិបណ្ឌិត មានប្រសាសន៍បែបនេះ ក្នុងឱកាសចូលរួមជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៦៦៨នាក់ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍ថា៖ «ក្នុងនោះខ្ញុំសូមបញ្ជាក់ផងដែរថា គ្រប់អ្នកពាក់ព័ន្ធដែលចុះអនុវត្តច្បាប់ ទីមួយធំបំផុត ត្រូវស្វែងយល់ពីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ នេះគឺសំខាន់ណាស់។ បើយើងចុះទៅទាំងបិទភ្នែក អត់ដឹងថាអ្វីខុស អ្វីត្រូវ យើងអង្គុយគិតតែពីធ្វើលើស នេះហើយគឺជាការខុសឆ្គង ហើយជាពិសេសខ្វះខាតក្នុងការស្វែងយល់ និងការសិក្សាពីកន្លែងធ្វើការរបស់ខ្លួន និងតួនាទីភារកិច្ចរបស់ខ្លួន។»
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ផងដែរថា ចំពោះមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ ធំបំផុតត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវគោលការណ៍ច្បាប់ ប្រសិនបើគ្មានបទល្មើសហាមហៅ ឬហាមត្រួតពិនិត្យ ក្នុងគោលដៅ ដើម្បីកុំឱ្យរំខានដល់អ្នកធ្វើដំណើរ ចំនុចត្រង់នេះ ក៏សូមបញ្ជាក់បន្ថែមថា មន្ត្រីមួយចំនួនតូច នៅតែអនុវត្តខុសច្បាប់ ដែលបានកំណត់ និងបានណែនាំ។ ដូច្នេះហើយ ចាប់ពីពេលនេះតទៅ ខ្ញុំជឿជាក់ថា អស់លោកដែលជាមន្ត្រី ក្រោមឱវាទ អ្នកទទួលបន្ទុកការងារនេះ សូមឱ្យដាស់តឿនដល់មន្ត្រីក្រោមឱវាទដទៃទៀត ក្នុងគោលដៅកាត់បន្ថយភាពថ្នាំងថ្នាក់រវាងប្រជាពលរដ្ឋ និងមហាជនដទៃទៀត ជាពិសេសការវាយប្រហារតាមប្រព័ន្ធផ្សព្វផ្សាយលើបណ្ដាញសង្គមផងដែរ ៕»




ប្រភព៖ Sar Sokha
- Share This Post:






