ព័ត៌មានជាតិ

ឯកឧត្តម ម៉ៅធនិន លើកឡើងថា ដោយសារអាកាសធាតុអំណោយផល ក្នុងឆ្នាំ២០២៤នេះ ខេត្តកំពតបានផលិតអំបិលជិត ១០ម៉ឺនតោន

BY
Khmernote Media
July 23, 2024

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ដោយសារអាកាសធាតុអំណោយផលក្នុងឆ្នាំ២០២៤នេះ ខេត្តកំពតបានផលិតអំបិលជិត ១០ម៉ឺនតោន។

ឯកឧត្តម ម៉ៅធនិន បានមានប្រសាសន៍ថា ក្នុងខេត្តចំនួន ៤ជាប់តំបន់ឆ្នេរ ខេត្តកំពតគឺជាឃ្លាំងអំបិល ដែលធានានូវការផលិតអំបិល ឯកឧត្តម សូមជម្រាបជូនថា ផ្ទៃដីដែលយើងផលិតអំបិលរបស់ខេត្តកំពតនេះ គឺមាន ៣៤៨៩,៤៨ហិកតា ដើម្បីទ្រទ្រង់ជាមួយការផលិតអំបិលនេះ។ ក្នុងនោះមាន ១៧១ក្រុម ដោយចែកចេញជា ៦មណ្ឌល និងបានប្រើប្រាស់កម្លាំងមនុស្ស ១៤៧៤នាក់។ ឯកឧត្តម ម៉ៅ ធនិន បានបន្ថែមថា នៅក្នុងឆ្នាំ២០២៤នេះ ខេត្តកំពត បានផលិតអំបិលរហូតដល់ ៩៣៩០៦តោន បើតាមការផលិតនេះ គឺយើងអាចធានាបាននូវការផ្គត់ផ្គង់នៅក្នុងប្រទេស ប៉ុន្តែការផលិតអំបិលនេះ គឺផ្អែកទៅលើកត្តាធម្មជាតិផងដែរ ដោយសារស្រែអំបិលត្រូវពឹងកម្ដៅមេឃ កម្ដៅពន្លឺព្រះអាទិត្យ ប្រសិនជាអាកាសធាតុអំណោយផល ហើយមិនមានព្យុះភ្លៀង ពេលដែលយើងផលិតគឺទិន្នផលអំបិលរបស់យើងល្អណាស់ នោះដោយសារបច្ចេកទេសរបស់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋទាំង ១៧១ក្រុម ៦មណ្ឌល របស់យើងនេះ គឺមានបទពិសោធន៍ខ្ពស់ក្នុងការផលិតអំបិល។

ឯកឧត្តម ម៉ៅធនិន បានលើកឡើងបន្ថែមថា ស្រែអំបិលរបស់យើងនេះ​ គឺមានការគាំទ្រ និងអភិរក្ស ព្រោះថាជា អត្តសញ្ញាណរបស់ជាតិ និងអត្តសញ្ញាណរបស់ខេត្តកំពត ស្រែអំបិលនេះគឺល្អណាស់។ ឯកឧត្តម ម៉ៅធនិន បានន្ថែមគំនិតផ្ទាល់ខ្លួន ដោយបញ្ជាក់ថា បើសិនជាស្រែអំបិលនេះ មានអាកាសធាតុអំណោយផល យើងនឹងជម្រុញបងប្អូនរបស់យើងទាំង ១៧១ក្រុម ដែលមាន ៦មណ្ឌលនេះ ឱ្យបង្កើនការផលិត ធ្វើយ៉ាងម៉េចឱ្យទទួលបាននូវការផលិតទាំងអស់នេះ សម្រាប់ប្រើប្រាស់ជាផលប្រយោងជន៍នៅក្នុងប្រទេស ដោយយើងមិនចាំបាច់នាំចូល យើងនឹងចំណេញបានច្រើនផងដែរ ៕

ប្រភព៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia

Share This Post: