សមាគមគ្រូពេទ្យស្ម័គ្រចិត្តនៃសាធារណរដ្ឋកូរ៉េ មកពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំដោយឥតគិតថ្លៃ
- July 24, 2024
ខេត្តកំពង់ធំ៖ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តខេត្តយ្យងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េមកពិនិត្យនិងព្យាបាលជំងឺទូទៅជូនមន្ត្រីរាជការបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំដោយគិតថ្លៃ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ កាលពីពេលថ្មីៗកន្លងទៅនេះ។

សេចក្តីជូនដំណឹងបញ្ជាក់ថា៖ រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយស សូមគោរពជម្រាប និងជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការនិងពុក ម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំឱ្យបានជ្រាបថា៖ មន្ទីរសុខាភិបាល ខេត្តបានសហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តយ្យងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) ចាក់ម្ជុលវិជ្ជាសាស្ត្រ ព្រមទាំងពិនិត្យឈាមជូន បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
កម្មវិធីពិនិត្យព្យាបាលនេះធ្វើឡើងរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំតាមកម្មវិធីដូចជា ៖
-ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង០៩:៣០នាទីព្រឹក ដល់ម៉ោង ១៧:០០ល្ងាច ធ្វើការពិនិត្យ ព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទៅ។
-ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៨:៣០នាទីព្រឹកដល់ម៉ោង ១៧:០០ល្ងាចធ្វើការពិនិត្យព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទៅ ។
-ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៨:៣០នាទីព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ ធ្វើការពិនិត្យព្យាបាលជំងឺជូនបងប្អូនដែលជាមន្ត្រីរាជការ និងកងកម្លាំងព្រមទាំងក្រុមគ្រួសារ ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






