ព័ត៌មានជាតិ

តុលាការ សម្រេចឃុំខ្លួនមនុស្ស៤ នាក់ បណ្តោះអាសន្ន លើសំណុំរឿងញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

BY
Khmernote Media
July 25, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទ ៤នាក់ លើសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្នុងនោះរួមមាន៖


១.ឈ្មោះ ស្រ៊ុន ស្រ៊ន ភេទប្រុស

២.ឈ្មោះ ភឹង សោភា ភេទស្រី

៣.ឈ្មោះ ចក់ ប៉ានមុន្នី ភេទប្រុស

៤.ឈ្មោះ សាន សិទ្ធ ភេទប្រុស និងគូកន។

ជនត្រូវចោទទាំង ៤នាក់ ខាងលើត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅ ប្រទេសកម្ពុជា កាលអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ជនត្រូវចោទទាំង ៤នាក់ និងបក្ខពួក បានផ្សាយផ្ទាល់ (LIVE) វីដេអូនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក Srun Srorm ព្រមទាំងបង្ហោះចូលក្នុងផេកហ្វេសប៊ុករបស់ខ្លួន ពាក់ព័ន្ធទៅនឹង “គម្រោងអភិវឌ្ឍតំបន់ត្រីកោណរវាងរដ្ឋាភិបាល កម្ពុជា ឡាវ វៀតណាម (CLV-DTA)” និងបានធ្វើការអត្ថាធិប្បាយដែលមានចរិក លក្ខណៈមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ចុះកំហឹងប្រជាពលរដ្ឋឱ្យ ប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសកម្មភាពនេះ បានបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ៤នាក់ ដូចបានបញ្ជាក់ជូនខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ចំពោះ សកម្មភាពដែលមានចរិកលក្ខណៈមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: