ព័ត៌មានជាតិ

អបអរសាទរ! ខេត្តកំពង់ចាមទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

BY
Khmernote Media
July 26, 2024

ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ខេត្តកំពង់ចាម បានទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ក្នុងពិធីផ្លូវការកាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤​ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងពិធីដែលប្រារព្ធនៅសួនច្បារខាងមុខសាលាខេត្តកំពង់ចាមឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា វិស័យ​ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តមានការកើនឡើងជាលំដាប់ អាស្រ័យដោយជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើន។ ក្នុងឆ្នាំ២០២៤បណ្ដាញប្រព័ន្ធទុយោទឹកមានចំនួន ៦១កន្លែងដោយមានអ្នកប្រើប្រើប្រាស់ទឹកស្អាត ៩៥,២៥ភាគរយ។នៅក្នុង​ខេត្តកំពង់ចាម ផ្ទះប្រើប្រាស់បង្គន់អនាម័យ១០០ភាគរយ។ ក្នុងនោះផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនចំនួន ៩២,៦១ភាគរយ និងប្រើប្រាស់រួម ៧,៣៩ភាគរយ ។នៅក្រុង ស្រុក ឃុំ សង្កាត់ ភូមិ បានសម្រេចបញ្ចប់បន្ទោបង់ពាសវាលពាសកាលទាំងស្រុង ។

សាទរចំពោះជ័យលាភីនេះឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដានេះ​មានខេត្ត​ចំនួន ៨សម្រេចបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ និងខេត្តកំពង់ចាម ។ ឯកឧត្តមបន្តថា ផ្អែកតាមផែនការឆ្នាំ២០២៤នេះ នឹងមានខេត្តចំនួន ៥ថ្មី បន្ថែមទៀតទទួលពាន ជាខេត្តបញ្ចប់​ការបន្ទោបង់ពាសវាលពាសកាលដោយជោគជ័យ ដែលធ្វើឱ្យខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកើន ១៣​ខេត្ត លើ ២៥រាជធានី ខេត្ត នៅទូទាំងប្រទេស ។

ក្នុងឱកាសនោះដែរឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ជាមួយនឹងសមិទ្ធផលលើគ្រប់វិស័យ របស់ខេត្តកំពង់ចាម កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ជាពិសេស ការកែលម្អលក្ខខណ្ឌ នៃការរស់នៅ តាមរយៈការលើកកម្ពស់ ការផ្គត់ផ្គង់សេវាទឹកស្អាត និងអនាម័យ បានផ្លាស់ប្ដូរឥរិយាបថប្រជាពលរដ្ឋ ឱ្យប្ដូរទម្លាប់ពីការផឹក​ទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាត ជួយទ្រទ្រង់សុខភាព។ ការបន្ទោបង់ពាសវាលពាសកាល មកប្រើប្រាស់បង្គន់អនាម័យ និងរស់នៅបែបស៊ីវិល័យ ។

បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី បច្ចុប្បន្នក្រសួងអភិវឌ្ឍ កំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្ដីពីការផ្គង់តផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ ដែលមកដល់ពេលនេះ អត្រាគ្របដណ្ដប់ ទឹកស្អាត និងអនាម័យជនបទ ទូទាំងប្រទេស សម្រេចបានប្រមាណជា ៨១ភាគរយនិងឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបាននូវអត្រាគ្រប់ដណ្ដប់ ១០០ភាគរយ ។

ស្ថានភាពនៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរបស់ខេត្តកំពង់ចាម ត្រូវបានឯកឧត្តមអភិបាលខេត្តបញ្ជាក់ថាជាមោទនភាព សម្រាប់រដ្ឋបាលខេត្តកំពង់ចាម ក៏ដូចប្រជាពលរដ្ឋខេត្តកំពង់ចាមទាំងមូល។ ការសម្រេចបានសមិទ្ធផលនេះ គឺពិតជាកើតឡើង​ដោយ​សារការតាំងចិត្ត ការប្តេជ្ញាចិត្ត រួមចិត្ត រួមគំនិតគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តបានខិតខំប្រឹងប្រែង ជំរុញឱ្យបាន ODF នៅត្រឹមឆ្នាំ២០២៤ ស្របតាមគោលដៅដែលក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ដោយជោគជ័យ ៕

ប្រភព៖ ក្រសួងព័ត៌មាន​

Share This Post: