សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យពង្រឹងការបង្រៀនភាសាខ្មែរ និងគណិតវិទ្យា ដល់សិស្សចាប់តាំងពីថ្នាក់បឋមទៅ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យពង្រឹងការបង្រៀនភាសាខ្មែរ និងគណិតវិទ្យា ដល់សិស្សចាប់តាំងពីថ្នាក់បឋមទៅ ដើម្បីឱ្យសិស្សមានទុនចំណេះដឹង សម្រាប់រៀនសូត្រថ្នាក់ជាបន្តបន្ទាប់ មានភាពងាយស្រួល និងសរសេរអក្សរសាស្ត្រជាតិបានត្រឹមត្រូវ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ថ្នាក់បឋមសិក្សា ត្រូវពង្រឹងភាសាខ្មែរ និងគណិតវិទ្យា ហើយម៉ោងរៀនបន្ថែម ឬបំប៉នពេលរសៀល គឺសម្រាប់រម្លឹកមេរៀនដែលបានរៀនពីព្រឹក»។
យ៉ាងណាក៏ដោយ សាលារៀនបឋមសិក្សាក៏មានបញ្ចូលកម្មវិធីសិក្សាភាសាបរទេសមួយចំនួនផងដែរ ប្រយោជន៍ឱ្យសិស្សបានចេះ មានមូលដ្ឋានចំណេះដឹងភាសាបរទេសបន្តិចបន្តួចពីកុមារ។
សូមជម្រាបជូនថា ព្រឹកនេះជាសកម្មភាពក្រៅផ្លូវការលើកទី២របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីសម្ដេចបានចុះឈ្វេងយល់ផ្ទៀងផ្ទាត់ការអនុវត្តផែនការគោនយោបាយថ្នាក់ក្រោមជាតិផ្នែកទេសចរណ៍នៅ ផាប់ស្ត្រីត ខេត្តសៀមរាប៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា