ការបូកស្រង់ពិន្ទុ ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ត្រូវបានបញ្ចប់រួចរាល់
- July 27, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ គឺជាថ្ងៃប្រកាសលទ្ធផល នៃការប្រឡងប្រជែងជ្រើសរើស គ្រូបឋមដំណាក់កាលទី១ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យការផ្ទៀងផ្ទាត់ ដើម្បីសម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា(វិញ្ញាសាសរសេរលើកទី១) ដើម្បីជ្រើសសម្រាំងបេក្ខជន។

ក្នុងនោះមានបេក្ខជនប្រឡងជាប់ជាង ៤ពាន់នាក់ (បេក្ខនារីចំនួន ២ ៨២៦នាក់) ដោយឡែកការប្រឡងជ្រើសរើសគ្រូបឋមដំណាក់កាលទី២ នឹងត្រូវជ្រើសរើសបេក្ខជនចំនួន ១ ៣៤៧ នាក់។
ក្នុងដំណើរការ នៃការប្រកាសអំពីលទ្ធផលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំនៃការកែសន្លឹកកិច្ចការនេះ។ ការប្រកាសលទ្ធផលបេក្ខជន ជាប់ដំណាក់កាលទី១នេះ ធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល។
សូមបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សារយៈពេល ៤ថ្ងៃ នៅ ថ្ងៃទី១៤-១៥-២០ និងទី២១ ខែកក្កដា។ ការប្រឡងនេះ មានបេក្ខជនចូលរួមសរុប ៣៨ ១៦៨ នាក់ ក្នុងនោះមានបេក្ខនារីចំនួន ២៨ ៤៥៦ នាក់៕




ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






