ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបាត់នៅជួរភ្នំក្រវាញឈានចូលពាក់កណ្តាលសប្តាហ៍ទី៣
- July 29, 2024
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការរុករកឧទ្ធម្ភាគចក្រប្រភេទ Z9 បានឈានចូលដល់ថ្ងៃទី១៨ហើយ រហូតដល់ថ្ងៃទី២៩ ខែកក្កដានេះ ប៉ុន្តែនៅតែមិនទាន់រកឃើញតម្រុយ ឬសញ្ញាណាមួយដែលជាពន្លឺឆ្ពោះទៅរកឃើញនៅឡើយទេ។

មន្ត្រីយោធាដឹកនាំប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបាត់នៅជួរភ្នំក្រវាញបានអោយដឹងថា ភ្លៀងនៅបន្តធ្លាក់ជាប់ៗគ្នាជាមួយនឹងកត្តាភូមិសាស្ត្រស្មុគស្មាញ គឺជាឧបសគ្គដ៏ធំបំផុតដែលធ្វើអោយការរុករកបានអូសបន្លាយពេល។ យ៉ាងណាក៏ដោយមានការដាក់ពង្រាយកម្លាំងស្វែងរកក្នុងទំហំប្រតិបត្តិការ៥០គីឡូ ម៉ែត្របួនជ្រុងដើម្បីស្វែងរកឧទ្ធម្ភាគចក្រនិងមនុស្ស២នាក់ដែលកំពុងបាត់ខ្លួននោះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ កាលពីចុងសប្តាហ៍បានអោយដឹងថា កម្លាំងរុករកថ្មើរជើងបានឆ្លងកាត់អូរនិងស្ទឹងហើយឡើងកំពូលភ្នំមានកម្ពស់រហូតដល់១ពាន់៥០០ម៉ែត្រ ទៅ១ពាន់៧០០ម៉ែត្រ។
ហើយគ្រោងបន្តទៅភ្នំសំកុសដែលក្នុងព្រៃក្រាស់ ។ ភ្នំសំកុស ជាភ្នំខ្ពស់ជាងគេលំដាប់ទី២នៅកម្ពុជា។ ភ្នំនេះមានកំពស់១៧៥១ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ដែនជំរកសត្វព្រៃភ្នំសំកុស។
សូមរំលឹកថា កាលពីថ្ងៃទី១២ ខែកក្កដា ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ9 ជាមួយអ្នកបើកបរ២នាក់ ប៉ុន្តែបានបាត់ការទាក់ទងនៅពេលកំពុងបើកបរហ្វឹកហ្វឹននៅតំបន់ភ្នំក្រវ៉ាញ។ ទោះជាការរុករកប្រើពេលវេលាយូរយ៉ាងណាក៏ដោយ ក៏សម្តេចធិបតីកាលពីថ្ងៃទី២៣ ខែកក្កដា បានបញ្ជាក់អំពីជំហរមិនបោះបង់ ដោយណែនាំអោយបន្តបេសកកម្មរុករកទាល់តែបានជោគជ័យ៕










ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






