ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងធនធានទឹក បញ្ជាឱ្យកាត់ផ្តាច់ទំនប់ត្រង់ប្រឡាយ៩៤ និងកាយផ្តាច់បើកមុខទឹកនៅទំនប់៥៤ ក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីជួយរំដោះទឹកជាបណ្តោះអាសន្ន

    BY Khmernote Media July 29, 2024
    រដ្ឋមន្ត្រីក្រសួងធនធានទឹក បញ្ជាឱ្យកាត់ផ្តាច់ទំនប់ត្រង់ប្រឡាយ៩៤ និងកាយផ្តាច់បើកមុខទឹកនៅទំនប់៥៤ ក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីជួយរំដោះទឹកជាបណ្តោះអាសន្ន

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្តាប្រឡាយដោះទឹកពង្វាងទឹកតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងបណ្ដាព្រែកក្នុងភូមិសាស្ត្រខេត្តកណ្តាល។

    ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យប្រឡាយ៩៤ ប្រឡាយ៩៦ ព្រែកហូរ ព្រែកគង់ និងប្រឡាយដោះទឹកតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា បើតាមការពិនិត្យ មូលហេតុដែលព្រែកហូរមានទឹកហូរយឺតគឺដោយសារតែ៖ ទី១.ចាប់ពីព្រែកយាយជាដែលមានមុខទឹកបែកជាពីរ ហូរបានតែមួយច្រក និងមួយច្រកទៀតនៅរាំងស្ទះកំពង់រង់ចាំការដោះស្រាយគោលនយោបាយ និងទី២.នៅចុងប្រឡាយព្រែកហូរ ចាប់ពីប្រឡាយលេខ៣ នៅពុំទាន់បានធ្វើការស្ដារ ដោយសារកំពុងរង់ចាំការដោះស្រាយផលប៉ះពាល់។

    ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ប្រឡាយភ្ជាប់លេខ៣ ត្រង់ប្រឡាយ៩៦ ស្ថានភាពទឹកហូរបានលឿនគួរសម ចំណែកតំបន់ព្រែកថី ទឹកហូរបានលឿនចេញទៅទន្លេបាសាក់និងបានស្រកពីកម្រិតកម្ពស់ ៥,០៥ម៉ែត្រ មកត្រឹម ៤,៩៥ម៉ែត្រ។

    សូមជម្រាបថា កាលពីឆ្នាំកន្លងទៅ ទឹកហូរបែកវាលទៅតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងរំដោះបានច្រើន ប៉ុន្តែបច្ចុប្បន្នទឹកពុំអាចហូរចូលអាកាសយានដ្ឋានថ្មីបានទេ គឺទឹកនៅប្រមូលផ្តុំតែក្នុងស្ទឹងមិនហូរបែកវាល ហើយក្នុងករណីពុំមានភ្លៀងបន្ថែម នោះទឹកនឹងបន្តស្រកចុះវិញ។

    ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ដោយមានការឯកភាពពីអាជ្ញាធរខេត្តកណ្តាលបានបញ្ជាឱ្យកាត់ផ្តាច់ទំនប់ត្រង់ប្រឡាយ៩៤ ដោយមានមុខកាត់ចន្លោះពី១០-២០ម៉ែត្រ និងកាយផ្តាច់បើកមុខទឹកនៅទំនប់៥៤ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល ក្បែរអាកាសយានដ្ឋានថ្មី ចំនួន ៣ទីតាំង ដោយ១ទីតាំងកាយយ៉ាងហោចណាស់ ៣០ម៉ែត្រ ដើម្បីជួយរំដោះទឹកជាបណ្តោះអាសន្ន៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

    Share This Post: