សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកាឧបត្ថម្ភចំនួន ៤០០លានរៀល សម្រាប់លើកទឹកចិត្តដល់កងកម្លាំងប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នៅតំបន់ជួរភ្នំក្រវាញ
- BY
- Liny Chan
- July 30, 2024
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដានេះ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៤០០លានរៀល សម្រាប់លើកទឹកចិត្តដល់កងកម្លាំងប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នៅតំបន់ជួរភ្នំក្រវាញ ដែលបានខិតខំបំពេញការងារមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាចក្រ និងអាកាសយានិក២នាក់ រហូតដល់ទទួលបានជោគជ័យនៅថ្ងៃនេះ។ នេះបើយោងតាមប្រភពព័ត៌មានពី ទទក នារសៀលថ្ងៃទី៣០ ខែកក្កដានេះ។
តាមក្រសួងការពារជាតិ នារសៀលថ្ងៃទី៣០ ខែកក្កដានេះ បានជូនដំណឹងដល់សាធារណៈជនជ្រាបថា គិតត្រឹមព្រឹកនេះវេលាម៉ោង១០:៣០នាទី ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញសាកសពអាកាសយានិកទី២ ដែលបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបេសកកម្មហ្វឹកហ្វឺន នៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
តាមក្រសួងបានបញ្ជាក់ថា ពេលនេះក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនសាកសពតាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ៕
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: