អាកាសយានិក២រូប ដែលបាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នឹងយកធ្វើបុណ្យឱ្យស័ក្តិសមនឹងកិត្តិយស នៅទីបញ្ជាការដ្ឋានកងទ័ពអាកាស
- July 31, 2024
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីបំផុតអាកាសយានិកទាំងពីររូបគឺ លោក ស៊ុន ផល្លា និងលោក ខេង ឆៃយុទ្ធ ដែលជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានក្រុមរុករកស្វែងរកឃើញកាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា(លោក ខេង ឆៃយុទ្ធ)និងព្រឹកថ្ងៃទី៣០ ខែកក្កដា (លោក ស៊ុន ផល្លា) តែជាអកុសលលោកទាំងពីរពលីបាត់ទៅហើយ។

ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា សពអាកាសយានិកទាំងពីររូបនឹងត្រូវយកមករៀបចំពិធីបុណ្យនៅ អគ្គបញ្ជាការដ្ឋានកងទ័ពអាកាសនារាជធានីភ្នំពេញឱ្យស័ក្តិសមនឹងកិត្តិយសរបស់លោកទាំងពីរ។នាយឧត្តមសេនីយ៍បន្តថា កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ពោលគឺបន្ទាប់ពីបានរកឃើញសាកសពលោក ខេង ឆៃយុទ្ធ, លោកបានសុំគោលការណ៍ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីនាំយកសាកសពទៅរៀបចំពិធីបុណ្យនៅអគ្គមេបញ្ជាការដ្ឋានកងទ័ពអាកាស ។
មកដល់រសៀលថ្ងៃទី៣០ ខែកក្កដា នេះបើទោះបីសាកសពអាកាសយានិកទាំងពីរត្រូវបានរកឃើញនិងធ្វើការវេចខ្ចប់យ៉ាងសមរម្យបំផុតយ៉ាងណាក៏ដោយ ក៏សពពុំទាន់ត្រូវបានយកចេញពីចំណុចរកឃើញនៃភ្នំយ៉ាវយ៉ៃ នៃឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់មកកាន់ទីបញ្ជាការដ្ឋានទ័ពអាកាស ដើម្បីប្រារព្ធពិធីបុណ្យនៅឡើយទេ ដោយសារកត្តាអាកាសធាតុដ៏មិនអំណោយផល។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា អាកាសធាតុអាក្រក់ជាឧបសគ្គក្នុងការស្វែងរក ក៏ដូចជាការបញ្ជូនសព។ លោកបញ្ជាក់ថា បើអាកាសធាតុល្អត្រឹមតែ២០ នាទីយើងអាចយកសពនិងបញ្ជូនសពមកភ្លាម។ ប៉ុន្តែភ្លៀង អ័ព្ទខ្លាំងរហូត រំខានដល់ការងារនេះ។ លោកថា អ័ព្ទខ្លាំងចំងាយតែ៥ម៉ែត្រពីគ្នា ក៏មើលគ្នាមិនគ្នាឃើញដែរ។ ឆ្លៀតក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ក៏បានសុំការយោគយល់ពីសំណាក់មហាជន ជាពិសេសក្រុមគ្រួសារសពជាមុន ប្រសិនបើមានការយឺតយ៉ាវ ។
សូមជម្រាបថា ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះហើរម៉ាក Z-9 លេខ MH912 ត្រូវហ្វឹកហ្វឺនពីភ្នំពេញ-ថ្មដា-ពោធិ៍សាត់-ភ្នំពេញ។ ដោយចេញដំណើរពីថ្ងៃទី១២ ខែកក្កដា។ លើឧទ្ធម្ភាគចក្រមានលោក ស៊ុន ផល្លា ជាប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។បន្ទាប់ពីបាត់ការទាក់ទងប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្របានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំសំខាន់ៗ មាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស, ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក, ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥និង ឧត្តមសេនីយ៍ទោ ស៊ុ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស។ រហូតមកដល់ថ្ងៃទី៣០ ខែកក្កដា នេះ បេសកកម្មត្រូវបានបញ្ចប់ ដោយបានរកឃើញ ឧទ្ធម្ភាគចក្រធ្លាក់នៅចំណុចចង្កេះភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងសាកសពអ្នកបើកបរទាំងពីរនាក់៕






ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






