ព័ត៌មានជាតិ

គិតត្រឹមឆមាសទី១ ឆ្នាំនេះ ករណីគ្រោះថ្នាក់ចរាចរកើតឡើងសរុប ១៥៣៤លើក ភាគច្រើនបណ្តាលមកពីការបើកបរល្មើសល្បឿនកំណត់

BY
Khmernote Media
July 31, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរកើតឡើងសរុប១៥៣៤លើក ភាគច្រើនបណ្តាលមកពីការបើកបរល្មើសល្បឿនកំណត់បណ្តាលឱ្យស្លាប់ ៧៩៣នាក់ និងរបួស ២១១៦នាក់។

នេះបើតាមការអោយដឹងរបស់លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាសាលប្រជុំ S ទីស្តីការក្រសួងមហាផ្ទៃ។

លោកជំទាវ មឹន មាណវី អោយដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ គ្រោះថ្នាក់កើតឡើងសរុប ១ ៥៣៤លើក កើតឡើងនៅពេល(យប់៥៥%) បណ្តាលឱ្យស្លាប់ ៧៩៣នាក់ និងរបួស២ ១១៦នាក់ (ធ្ងន់១.២៤៣នាក់)។

មូលហេតុបង្កគ្រោះថ្នាក់រួមមាន៖ បើកបរល្មើសល្បឿន ៤០% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ៩% បត់៩% ប្រជែងគ្រោះថ្នាក់៧% កត្តាយាន៤% ស្រវឹង៣% កត្តាផ្លូវ ១% ងងុយ១% កត្តាអាកាសធាតុ១% និងសញ្ញាចរាចរណ៍១%។ ក្នុងចំណោមអ្នកស្លាប់មានអ្នកជិះម៉ូតូចំនួន៧៩% (៦២៦/៧៩៣នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៧% (៤២០/៦២៦នាក់)។ គ្រោះថ្នាក់បានកើត ឡើងច្រើននៅរាជធានីភ្នំពេញ ៤៥០លើក ខេត្តកណ្តាល ១៣០លើក និងខេត្តព្រះសីហនុ ១២៩លើក។ លោកជំទាវបានបញ្ជាក់ថា ប្រៀបធៀបស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ឆមាសទី១ ឆ្នាំ២០២៤ ធៀបទៅនឹងឆមាសទី២ ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៣៥លើក ស្មើ១៣% (១ ៥៣៤/១ ៧៦៩ល) ចំនួនអ្នកស្លាប់ថយចុះ ៤១នាក់ ស្មើ៥% (៧៩៣/៨៣៤ន) និងចំនួនអ្នករបួសថយចុះ ៣២៧នាក់ ស្មើ១៣% (២.១១៦/២.៤៤៣ន)។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិការ គណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោកដែលបានខិតខំបំពេញភារៈកិច្ចក្នុងការអនុវត្តការងារបានយ៉ាងល្អប្រសើរ តាមរយៈការអនុវត្តច្បាប់ និងការផ្សព្វផ្សាយអប់រំជូនទៅដល់ប្រជាពលរដ្ឋ ដែលជាអ្នកបើកបរធ្វើដំណើរនៅតាមដងផ្លូវ អោយបានឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក និងបញ្ហាប្រឈមដែលកើតឡើងក្រោយមិនគោរពច្បាប់ ដែលអាចបង្កអោយខាតបង់ថវិកា និងអាយុជីវិត។

ឯកឧត្តម បានជំរុញ និងលើកទឹកចិត្តទៅដល់ថ្នាក់ដឹកនាំ សមាជិក សមាជិក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ ខិតខំបន្តបំពេញភារកិច្ចដ៏មានសារៈសំខាន់នេះ អោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត តាមរយៈការផ្សព្វផ្សាយជូនទៅដល់ប្រជាពលរដ្ឋ និងអនុវត្តច្បាប់អោយបានតឹងរឹង ដើម្បីអោយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជាកាន់តែមានការថយចុះ ជាអប្បបរមា ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

Share This Post: